ពូទីន ចេញបញ្ជាកេណ្ឌចល័តកងទ័ពជាង៣០មុឺននាក់ ខណៈដែលផ្ទុះបាតុកម្មការតវ៉ាផ្អើលទីក្រុងម៉ូស៊្គូ!

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានធ្វើការឆ្លើយតបចំពោះការអួតអាងអំពីការវាយលុកដ៏ជោគជ័យរបស់អ៊ុយក្រែននាពេលថ្មីៗនេះ ដោយបញ្ជាឱ្យមានការកេណ្ឌចល័តយោធាដ៏ធំបំផុតរបស់រុស្ស៊ី ដែលមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

ការកេណ្ឌចល័តបន្ថែមនេះ គេឃើញថាមានរហូតដល់ 300.000 នាក់ត្រូវបានកោះហៅឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដែលអាចមានសក្តានុពលប្រហែល 2 ទៅ 3 ដងនៃទំហំប៉ាន់ស្មាននៃកម្លាំងដំបូងដែលរុស្ស៊ីដាក់ពង្រាយនៅពេលវាឈ្លានពានអ៊ុយក្រែននៅថ្ងៃទី 24 ខែកុម្ភៈ។

លោកពូទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងកំពុងនិយាយអំពីការចល័តនៃកងកម្លាំងយោធា ជាផ្នែកៗ ហើយយុវជនស្ម័គ្រចិត្ត ដែលបច្ចុប្បន្នស្ថិតនៅក្នុងជួរបំរុងប៉ុណ្ណោះ ដែលនឹងត្រូវទទួលរងនូវការបណ្តុះបណ្តាល ហើយសំខាន់ជាងនេះទៅទៀត អ្នកដែលបម្រើការក្នុងកងកម្លាំងប្រដាប់អាវុធមានជំនាញយោធាជាក់លាក់ និងបទពិសោធន៍ពាក់ព័ន្ធ នឹងត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្រអនុវត្តតាមបទបញ្ជាថ្មី”។

យ៉ាងណាមិញ អ្នកនាំពាក្យចារកម្មយោធាអ៊ុយក្រែនលោក Vadym Skibitskyi បានប្រាប់ Kyiv Post ថា ការផ្លាស់ប្តូរនេះគឺស្រដៀងទៅនឹងការទទួលស្គាល់របស់លោកពូទីនថា ការឈ្លានពានរបស់រុស្ស៊ីបានបរាជ័យហើយក្នុងការសម្រេចគោលបំណងរបស់ខ្លួន។

លោក Skibitskyi បាននិយាយថា “សេចក្តីប្រកាសអំពីការចល័តទូទៅនឹងក្លាយជាការប៉ះទង្គិចយ៉ាងសំខាន់ចំពោះរបបលោកពូទីន ព្រោះវាមានន័យថាជាការទទួលស្គាល់ថារុស្ស៊ីមិនអាចបំពេញកិច្ចការទាំងអស់ដែលបានកំណត់នោះទេ ដែលហៅថា ‘ប្រតិបត្តិការយោធាពិសេស’ របស់លោកពូទីនមិនទទួលបានលទ្ធផល”។

ដោយឡែក រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសលោក Gillian Keegan បានហៅការផ្លាស់ប្តូរនេះថាជា “ការកើនឡើង” ហើយបានប្រាប់ Sky News ថា “ច្បាស់ណាស់ វាជាអ្វីមួយដែលយើងគួរតែយកចិត្តទុកដាក់យ៉ាងខ្លាំង” ។

គួរជម្រាបថា ស្ថានភាពសង្គ្រាមបច្ចុប្បន្ននៅអ៊ុយក្រែន រុស្ស៊ីបានទទួលរងការចាញ់​យ៉ាង​ខ្លាំង​ដែលបាន​ធ្វើ​ឱ្យ​រុស្សី​ធ្លាក់​ដកទ័ពសឹងតែទាំងអស់។ តួយ៉ាង រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានសារភាពថា ទាហានរុស្ស៊ី ៦.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះរយៈពេលប្រាំពីរខែ។ មន្ត្រីយោធាសហរដ្ឋអាមេរិកកាលពីខែមុនបានប៉ាន់ប្រមាណចំនួនអ្នកស្លាប់របស់រុស្ស៊ីមានចំនួន 20,000 នាក់ ហើយអ៊ុយក្រែនប៉ាន់ស្មានចំនួននេះមានចំនួន 54,000។

ទោះជាយ៉ាងណា បាតុករជាង 800 នាក់ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងនានាទូទាំងប្រទេសរុស្ស៊ី ខណៈដែលពួកគេបានតវ៉ានឹងបទបញ្ជារបស់លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការប្រមូលផ្តុំកងទ័ពចំនួន 300,000 នាក់ ដើម្បីប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែន។

សុន្ទរកថារបស់លោកពូទីនាលពីថ្ងៃពុធ បានបង្កឱ្យមានការតវ៉ានៅក្នុងទីក្រុងយ៉ាងហោចណាស់ចំនួន 37 រួមទាំងទីក្រុង St Petersburg និងរដ្ឋធានីម៉ូស្គូ នេះបើយោងតាមក្រុមសិទ្ធិមនុស្សឯករាជ្យរុស្ស៊ី OVD-Info ។

បាតុករម្នាក់បាននិយាយថា “បុរសរុស្ស៊ីរាប់ពាន់នាក់ – ឪពុកបងប្អូនប្រុសនិងប្តីរបស់យើង – នឹងត្រូវបោះចូលទៅក្នុងម៉ាស៊ីនកិនសាច់នៃសង្គ្រាម។ តើពួកគេនឹងស្លាប់ដើម្បីអ្វី? តើ​ម្ដាយ​និង​កូន​នឹង​យំ​ដើម្បី​អ្វី?”។

ជាមួយគ្នានោះ ការិយាល័យរដ្ឋអាជ្ញាក្រុងម៉ូស្គូបានព្រមានថា ការរៀបចំ ឬចូលរួមក្នុងសកម្មភាពបែបនេះអាចនាំឱ្យជាប់ពន្ធនាគាររហូតដល់ 15 ឆ្នាំ។ អាជ្ញាធរបានចេញការព្រមានស្រដៀងគ្នានេះ នៅមុនការតវ៉ាផ្សេងទៀតនាពេលថ្មីៗនេះ ទោះជាយ៉ាងណាក៏ដោយ បាតុកម្មកាលពីថ្ងៃពុធ គឺជាបាតុកម្មប្រឆាំងសង្រ្គាមទូទាំងប្រទេសលើកដំបូងចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅចុងខែកុម្ភៈ៕

Leave a Reply

Your email address will not be published. Required fields are marked *