fbpx

ល្បែង”អនឡាញ”កំពុងរីកដូចផ្សិតនៅក្រុងស្វាយរៀង បែរជាសមត្ថកិច្ចមិនបង្ក្រាប!

(ស្វាយរៀង)៖ រាល់ថ្ងៃគេសង្កេតឃើញសកម្មភាពនៃការបើក ល្បែងស៊ីសងតាមប្រព័ន្ធ”អនឡាញ”ជល់មាន់ទូរទស្សន៍ កំពុងពេញនិយមខ្លាំងណាស់ នៅក្នុងភូមិសាស្ត្រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បើមើលពីស្ថានភាពជាក់ស្ដែងៈ នៅតាមបណ្ដា ហាងកាហ្វេនីមួយៗក្នុងក្រុងស្វាយរៀង គឺក្រុមអ្នកញៀនល្បែង”អនឡាញ”ភ្នាល់ចាក់លុយធំៗ ដោយហ៊ោកញ្ច្រៀវអ៊ូអរ យ៉ាងគគ្រឹកគគ្រេងបំផុត.ហាក់បីដូចជាល្បែងស្របច្បាប់ទៅហើយ.!។
បែរជាអាជ្ញាធរ រួមនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ហាក់បីដូចជាស្រវឹងភ្នែក ងាប់ត្រចៀកស្ដូក មើលមិនឃើញស្ដាប់មិនឮ នូវរាល់សកម្មភាព បើកល្បែងស៊ីសង”អនឡាញ”ខុសច្បាប់ទាំងនេះ។

ប៉ុន្តែលោក កែន រិទ្ធី អធិការក្រុងស្វាយរៀងថាៈ លោកកំពុងចុះបង្ក្រាបជាបណ្ដើរៗហើយ! ។

សូមជម្រាបថាៈ ទីតាំងល្បែង”អនឡាញ”ខុសច្បាប់ ដែលកំពុងបើកដំណើរអាជីវកម្ម យ៉ាងពេញបន្ទុករាល់ថ្ងៃនោះ!។

ទី១៖ ផ្ទះឈ្មោះ ថាន់ ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង.!។

២៖ ស្ថិតនៅជាប់របង អតីតគណបក្សហ៊្វុនស៊ីនប៉ិចចាស់ ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង.!។

៣៖ ស្ថិតនៅខាងកើតផ្លូវខាងត្បូងស្ពានគយត្របែក ភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ខាងត្បូងផ្ទះលក់កូនឈើអុសប្រេងខ្យល់.!។

៤៖ នៅភូមិទទារ សង្កាត់ចេក ក្រុងស្វាយរៀង.!។

និងទី៥៖ នៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខាងលិចផ្លូវ.!។

នេះគ្រាន់តែជាតួរលេខត្រួសៗដែល«ដើមរាំង» ទទួលបានពីពលរដ្ឋប៉ុណ្ណោះ ខណៈទីតាំងល្បែង អនឡាញ ក្នុងភូមិសាស្ត្រក្រុងស្វាយរៀង នៅមានច្រើនកន្លែងទៀត ។
ដែលកំពុងបន្តបើកលេងល្បែង អនឡាញ ដូចគ្នា និងលេងរាល់ថ្ងៃ តាំងពីព្រលឹម ទល់ព្រលប់។

កត្តានៃការបើកល្បែង អនឡាញទាំងនេះហើយ ធ្វើឱ្យស្ដ្រីខ្លះ ដែលមានប្ដីជាអ្នកញៀនល្បែង កើតចិត្តក្ដៅក្រហាយ ឈ្លោះប្រកែកគ្នាជាមួយប្ដីញឹកញាប់។

ខណៈប្ដីទៅហូបកាហ្វេ១កែវសោះ បែរជា មិនមកផ្ទះ តាំងពីព្រឹកដល់ល្ងាច ព្រោះរវល់វក់វី និងការផ្សងសំណាង ។
ភ្នាល់ចាក់លុយមាន់ជល់តាមទូរទស្សន៍ បណ្ដាលឱ្យខាតពេល មិនបានទៅធ្វើការងាររកស៊ី ដើម្បីយកប្រាក់មកផ្គត់ផ្គង់គ្រួសារ។

ជាមួយគ្នានោះ អ្នកភ្នាល់ឈ្នះ សប្បាយហ៊ោកញ្ច្រៀវឡើងទ្រហឹងអឺងកង ពេញហាងកាហ្វេ រីឯអ្នកចាញ់វិញ ប្រែទឹកមុខក្រៀមក្រំប្រឈម ជំពាក់គេនិងត្រូវដោះបំណុល អ្នកខ្លះភ្នាល់ចាញ់លុយផ្ទួនៗជាច្រើនថ្ងៃជាប់គ្នា។
កើតអារម្មណ៍មួម៉ៅ ក្រពុលមុខ មកផ្ទះវិញ ឈ្លោះប្រកែកប្រពន្ធកូន និងប្រើអំពើហិង្សាក្នុងគ្រួសារក៍មាន។

ព្រោះថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា ប្រើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម។ល។។

អាស្រ័យហេតុនេះ ពលរដ្ឋសូមស្នើដល់លោក កែន រិទ្ធី អធិការក្រុងស្វាយរៀង លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាពិសេសលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។

មេត្តា អន្តរាគមន៍ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ ខាងលើ។
ដោយក្ដីអនុគ្រោះ ដើម្បីអនុវត្តឲ្យនូវ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

ជាការឆ្លើយតប ទៅនិងករណីខាងលើ នៅព្រឹកទី១០.០៨.២០២២ លោក កែន រិទ្ធី អធិការក្រុងស្វាយរៀង បានថ្លែងប្រាប់«ដើមរាំង»ថាៈ លោកបានដាក់ផែនការ ចុះធ្វើរឿងនេះ ជាបណ្ដើរៗហើយ ពោលគឺធ្វើតាម បទបញ្ជាលោកអភិបាលក្រុងស្វាយរៀង៕ដើមរាំង

Leave a Reply

Your email address will not be published. Required fields are marked *