fbpx

ចុះហត្ថលេខារវាងសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា (PUC) និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន!

(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ។
បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន និងសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា ។

ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ឯកឧត្តមបណ្ឌិត ស៊ីន ម៉េងស្រ៊ុន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា និងជាតំណាងភាគីហត្ថលេខី នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា និងមន្ត្រីពាក់ព័ន្ធរបស់វិទ្យាស្ថាន និងសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា។

ថ្លែងក្នុងសុន្ទរកថាៈ ស្វាគមន៍ទៅកាន់អង្គពិធី ឯកឧត្តមនាយកវិទ្យាស្ថាន បានជម្រាបជូនអង្គពិធីអំពីដំណើរការរបស់វិទ្យាស្ថាន ការតាំងចិត្តរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងការបណ្តុះបណ្តាលកូនខ្មែរឱ្យមានជំនាញច្បាស់លាស់ ដើម្បីដោះស្រាយវិបត្តិកង្វះអ្នកជំនាញបច្ចេកទេសនាពេលបច្ចុប្បន្ន។

ឯកឧត្តមនាយកសង្ឃឹមថា៖ ការចុះអនុស្សរណៈយោគយល់នេះនឹងបើកឱកាសឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយគ្នា ផ្តល់អត្ថប្រយោជន៍បន្ថែមទៀត និងបំពេញរាល់កង្វះខាតជូនភាគីទាំងសងខាងពាក់ព័ន្ធនឹងការសិក្សាអប់រំ ស្រាវជ្រាវ ព្រមទាំងគម្រោងកម្មវិធីផ្សេងៗ ដោយផ្អែកលើគោលការណ៍ ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមក។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការរង បានបញ្ជាក់ថាសាលាបញ្ញាសាស្រ្ដកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ២០០០ ទើបបង្កើតឱ្យមានជាសាកលវិទ្យាល័យ ក្រោមគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍ និងលើកកម្ពស់ធនធានមនុស្សរបស់ប្រទេសកម្ពុជា។ សាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជាបានដើរតួនាទីយ៉ាងសកម្មក្នុងដំណើរការ “កសាងប្រទេស” សម្រាប់មនុស្សជំនាន់ក្រោយ។

ឯកឧត្តមបណ្ឌិត បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបានរៀបចំឱ្យមានពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នានេះ និងបានលើកឡើងថាពិធីនេះគឺជាការចាប់ផ្តើមនៃកិច្ចសហការ រវាងស្ថាប័នទាំងពីរក្នុងការឈានទៅរកភាពរីកចំរើនរួមគ្នា ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា៖ អនុស្សរណៈយោគយល់នេះ បានឯកភាពជាគោលការណ៍ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ការអប់រំ និងការស្រាវជ្រាវរួមមាន៖ សហការបណ្តុះបណ្តាលលើជំនាញបច្ចេកទេសផ្សេងៗ ផ្លាស់ប្តូរមន្ត្រី សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិក សហការលើការស្រាវជ្រាវ និងការអនុវត្តគម្រោងរួមគ្នាក្នុងវិស័យពាក់ព័ន្ធ សហការផ្តល់ជំនួយបច្ចេកទេសលើការអប់រំ និងកម្មវិធីបណ្តុះបណ្តាលផ្សេងៗ ផ្លាស់ប្តូរព័ត៌មាន និងឧបករណ៍បច្ចេកទេសផ្សេងៗ ប្រើប្រាស់ឧបករណ៍ឧបករណ៍ សម្ភារៈសំណង់ និងធនធានរួមគ្នា ផ្តល់ឱកាសដល់និស្សិតដើម្បីផ្លាស់ប្តូរបទពិសោធន៍សិក្សា ផ្តល់ជូនវិញ្ញាបនបត្រនៃការបណ្តុះបណ្តាលបច្ចេកទេស និងជំរុញអនុវត្តសកម្មភាព ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នានេះ៕

Leave a Reply

Your email address will not be published. Required fields are marked *