fbpx

ខ្មាន់កាំភ្លើងបាញ់សម្លាប់អង្គរក្សដូចគ្នា ឥឡូវចាប់បានហើយនៅស្រុកស្អាង.!

កណ្តាល៖អង្គរក្សដែលបាញ់អង្គរក្សស្លាប់នៅបឹងកេងកង រាជធានីភ្នំពេញ ចាប់បានហើយនៅស្រុកស្អាង ខេត្តកណ្តាល។
ប្រតិបត្តិការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅភូមិព្រែកតាទាវ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ខ្មាន់កាំភ្លើងឈ្មោះអ៊ូ សុភី ភេទប្រុស មុខរបរជាអង្គរក្សរបស់ម្ចាស់ផ្ទះកើតហេតុ។

ជនរងគ្រោះឈ្មោះ គង់ សុត អាយុ ៤៣ឆ្នាំ មុខរបរបើករថយន្តឲ្យម្ចាស់ផ្ទះកើតហេតុ ស្នាក់នៅផ្ទះកើតហេតុ ផ្ទះលេខ ៣៨ តាមបណ្ដោយផ្លូវលេខ៣២២ មូលដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ បុរសទាំង២នាក់ មិនដឹងជាមានជម្លោះគ្នាតាំងពីពេលណានោះទេ ស្រាប់តែថ្ងៃកើតហេតុ បុរសរងគ្រោះអង្គុយនៅតូបយាមជាប់ទ្វារផ្ទះ ខណៈនោះខ្មាន់កាំភ្លើងបានជិះម៉ូតូ១គ្រឿងម៉ាក PCX ពណ៌ស បានចូលមកផ្ទះ រួចដកកាំភ្លើងបាញ់ យកតែម្ដងបណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅតូបយាម អង្គុយលើកៅអី។
កាលពីវេលាម៉ោង១រសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ ៣៨ តាមបណ្ដោយផ្លូវលេខ៣២២ មូលដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ភ្លាមៗនោះបុរសដៃដល់ ធ្វើសកម្មភាពរួចជិះម៉ូតូគេចខ្លួនចេញតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញនាយកដ្ឋានព្រហ្មទណ្ឌកំរិតធ្ងន់ នៃក្រសួងមហាផ្ទៃ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌកំរិតធ្ងន់រាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការពិនិត្យនឹងកោសល្យវិច័យ រួចបានប្រគល់សពជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

បច្ចុប្បន្នជនសង្ស័យកំពុងតែធ្វើការសួរចម្លើយនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *