fbpx

Update៖អភិបាលស្រុកកែវសីមា.អះអាងថានឹងស្រាវជ្រាវករណីស្មៀនឃុំ.ជំរិតទារលុយគេ១.០០០ដុល្លារ

(មណ្ឌលគិរី)៖ រឿងលោក ឱក ថេង ស្មៀនឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជំរិតទារប្រាក់ពីម្ចាស់ចម្ការស្វាយចន្ទី ចំនួន១.០០០ដុល្លារ ជាថ្នូរនិងបញ្ជាក់សិទ្ធ កាន់កាប់ដីធ្លីនោះ បានក្លាយជាប្រធានបទ ក្ដៅនៅលើបណ្ដាញសង្គម។

ទោះជាយ៉ាងណាក៍ដោយ ក្រោយមានប្រតិកម្មលោក នួន សារ៉ន អភិបាលស្រុកកែវសីមា បានថ្លែងថាៈ អរគុណ អ្នកសារព័ត៌មាន ក្នុងរឿងស្មៀន នេះ ចាំខ្ញុំស្រាវជ្រាវ..!។
លោកអភិបាលស្រុកកែវសីមា បានលើកឡើងជាសំណេរបែបនេះ ក្នុងគ្រុប Telegram កាលពីថ្ងៃទី២៧.០៦.២០២២ ។
ប៉ុន្តែក្រោយមក លោកបានលុបចេញវិញ ដោយគ្រាន់តែសរសេរយ៉ាងខ្លីថាៈ ទទួលបានអរគុណ ខ្ញុំនឹងសួរនាំ។

ការបញ្ចេញមតិនេះដែរ បន្ទាប់ពីមានការចម្រូងចម្រាសគ្នា រវាងម្ចាស់ចម្ការស្វាយចន្ទី និងលោក ឱក ថេង ស្មៀនឃុំស្រែឈូក ។
ដោយម្ចាស់ចម្ការអះអាងថាៈលោក ឱក ថេង ស្មៀនឃុំ ពិតជាបានជំរិតទារប្រាក់ពីខ្លួនចំនួន១.០០០$ប្រាកដមែន។
រីឯលោក ឱក ថេង រួមនិងរដ្ឋបាលឃុំស្រែឈូក បានបដិសេធចោល.!។

ក្នុងរឿងរ៉ាវនេះភាគី ម្ចាស់ចម្ការស្វាយចន្ទី ឈ្មោះ វ៉ាន់ រួន ភេទប្រុសអាយុ៥៥ឆ្នាំ មុខរបរមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មានទីលំនៅបច្ចុប្បន្នៈ ភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ចំណែកភាគី ដែលរងការចោទប្រកាន់គឺលោក ឱក ថេង ស្មៀនឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ថ្លែងក្នុងកិច្ចសម្ភាសន៍ លោក វ៉ាន់ រួន បានលើកឡើងថាៈ ព្រោះតែខ្វះថវិកាដើមទុន សម្រាប់ថែទាំដំណាំ”ស្វាយចន្ទី”របស់ខ្លួន។
លោក បានស្នើសុំឱ្យរដ្ឋបាលឃុំស្រែឈូក ជួយបញ្ជាក់សិទ្ធកាន់កាប់ដីធ្លី ដើម្បីបំពេញបែបបទខ្ចីប្រាក់ពីធនាគារចំនួន៣.០០០$។

ប៉ុន្តែផ្ទុយទៅវិញនៅថ្ងៃទី២៣.០៦.២០២២ ពេលទៅដល់សាលាឃុំ បែរជាលោក តិ ឃិត មេឃុំស្រែឈូក មិនស៊ីញេឱ្យ ដោយរុញឱ្យទៅជួបចរចា ជាមួយស្មៀនឃុំជាមុនសិន ទើបចុះហត្ថលេខាតាមក្រោយ!។

លោក វ៉ាន់ រួន បន្តថាៈ នៅពេលខ្លួនជួបផ្ទាល់ជាមួយលោក ឱក ថេង ស្មៀនឃុំស្រែឈូក ស្រាប់តែលោក ឱក ថេង បានកំណត់ទារប្រាក់ពីលោកចំនួន១.០០០$ ជាថ្នូរនិងធ្វើលិខិតបញ្ជាក់កម្មសិទ្ធអោយ។

ក្នុងនោះលោក វ៉ាន់ រួន ក៍បានសម្របសម្រួលសុំថ្លៃ និងតថ្លៃផ្ទាល់មាត់ជាមួយលោក ឱក ថេង ។ពោលគឺ ដំបូងលោក វ៉ាន់ រួន ឱ្យចំនួន៥០$ ហើយបន្តឡើងដល់៥០០$ ។
ប៉ុន្តែលោក ឱក ថេង នៅតែមិនព្រមដោយប្រកាន់ភ្ជាប់ថាៈទាល់តែ១.០០០$ ទើបខ្លួន បោះត្រានិងធ្វើលិខិតបញ្ជាក់ឱ្យ។

ក្រោយតថ្លៃមិនត្រូវគ្នាបែបនេះ លោក វ៉ាន់ រួន បានអស់សង្ឃឹម រួចជិៈម៉ូតូត្រឡប់មកផ្ទះវិញ ទាំងទឹកមុខក្រៀមក្រំ។

បើតាមលោក វ៉ាន់ រួន មូលហេតុដែលលោក ឱក ថេង ស្មៀនឃុំស្រែឈូក ជំរិតទារប្រាក់ពីលោកយ៉ាងច្រើនរហូតដល់ ១.០០០$ បែបនេះ មិនមែនមកពីអត់ស្នាមមេដៃ អ្នកជាប់ព្រំ ឬដីព្រៃដីរដ្ឋអ្វីទេ..!។

ពោលគឺមកពីលោក ឱក ថេង សម្លឹងឃើញថាៈ ឯកសារបញ្ជាក់សិទ្ធដីចម្ការស្វាយចន្ទី របស់លោក ស្ថិតនៅភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា មានទំហំធំ រហូតដល់១០ហិកតា ហេតុនេះឱ្យប្រាក់បន្តិចបន្តួចមិនប្រថាប់ត្រា មិនធ្វើឱ្យទេ។

ប៉ុន្តែការអះអាងទាំងនេះ នៅថ្ងៃទី២៤.០៦.២០២២ ត្រូវបានរដ្ឋបាលឃុំស្រែឈូក.ចេញលិខិតបដិសេធចោល ។
ដោយផ្អែកថាៈ«ឯកសារដីដែលលោក វ៉ាន់ រួន ស្នើសុំបញ្ជាក់សិទ្ធនោះ មិនមានស្នាមមេដៃអ្នកជាប់ព្រំ ហើយលោក វ៉ាន់ រួន ប្រុងផ្ដិតមេដៃជំនួសអ្នកជាប់ព្រំ។
តែរដ្ឋបាលឃុំស្រែឈូក មិនព្រមបោះត្រាឱ្យ ព្រោះដីនៅចំណុចនោះស្ថិតក្នុងដែនគ្រប់គ្រង របស់រដ្ឋបាលព្រៃឈើ ជាដីមិនទាន់ស្របច្បាប់ ទើបលោក វ៉ាន់ រួន ខឹងចោទអាជ្ញាធរឃុំស្រែឈូក ។
រដ្ឋបាលឃុំបញ្ជាក់ថាៈ លោក វ៉ាន់ រួន មិនមែនជាពលរដ្ឋ នៅមូលដ្ឋាននេះទេ លើសជានេះទៅទៀត ។
រដ្ឋបាលឃុំស្រែឈូក បានស្នើឱ្យសារព័ត៌មាន ដែលបានផ្សាយតាមការលើកឡើងរបស់លោក វ៉ាន់ រួន ធ្វើការផ្សាយបកស្រាយឡើងវិញទៀតផង»។

ដោយឡែកៈលោក ឃិន សុខន ចាងហ្វាងសារព័ត៌មាន.KDN.និងជាអ្នកតាមដានរឿងរ៉ាវខាងលើយ៉ាងស្អិតល្មួតឯនេះវិញ។
បានអះអាងថាៈ«ការមិនធ្វើលិខិតបញ្ជាក់ឱ្យលោក វ៉ាន់ រួន មិនមែន មកពីគ្មានស្នាមមេដៃអ្នកជាប់ព្រំទេ ហើយក៍មិនមែនមកពី ដីនោះជាដីរបស់រដ្ឋបាលព្រៃឈើអ្វីដែរ.!។

ពោលគឺ មកពីទារលុយគេចំនួន១.០០០$ មិនបានសម្រេច បើទារបានសម្រេច គឺស៊ីញេឱ្យហើយ!។
លោក ឃិន សុខន បន្តថាៈស្នាមមេដៃអ្នកជាប់ព្រំស្រួលផ្ដិតទេបើត្រូវការមែន.? ហើយបើថាៈ ដីនោះជាដីរដ្ឋបាលព្រៃឈើ ។
ហេតុអ្វីឱ្យគេកាន់កាប់ដាំ”ស្វាយចន្ទី”ជិត១០ឆ្នាំមកហើយមិនហាមឃាត់.? ហេតុអ្វីចុះហត្ថលេខា បញ្ជាក់កម្មសិទ្ធដីផ្សេងៗ ដែលនៅក្បែរនោះ ក្នុងតំបន់តែមួយ ភូមិសាស្ត្រតែមួយ..?។

លោក ឃិន សុខន បន្តថាៈ ករណីទារប្រាក់ពីអ្នកទៅទទួលសេវាពីសំណាក់ លោក ឱក ថេង ស្មៀនឃុំស្រែឈូក”មិនមែនជាលើកទី១ទេ”គឺច្រើនលើកច្រើនសារហើយ ។
ក្នុងនោះក៍មានការលួចបន្លំ ចុះហត្ថលេខា ជំនួសលោកមេឃុំទៀតផង ប៉ុន្តែមិនបែកការណ៍ មិនមានអ្នកហ៊ានបញ្ចេញមតិតវ៉ា ដូចពេលនេះ ។
ហើយក្រោយមានប្រតិកម្ម អាជ្ញាធរឃុំ.ស្រុកកែវសីមា បានព្យាយាមសម្របសម្រួលជាមួយលោក វ៉ាន់ រួន ដើម្បីកុំឱ្យតវ៉ាទៀតផង»។

ទន្ទឹមនិងនោះលោក តិ ឃិត មេឃុំស្រែឈូក ក៍បានទទួលស្គាល់ដែរថាៈ លោក ឱក ថេង ស្មៀនឃុំស្រែឈូក ពិតជាបានបង្គាប់បញ្ជាមករូបលោក នឹងបានកំណត់ទារលុយពីគេចំនួន១.០០០$ មិនបានសម្រេចប្រាកដមែន។

ករណីនេះមជ្ឈដ្ឋានខាងក្រៅ អ្នកតាមដានសង្គម កំពុងទន្ទឹងរង់ចាំមើលចំណាត់ការរបស់លោក នួន សារ៉ន អភិបាលស្រុកកែវសីមាថាៈ តើលោកអភិបាលស្រុករូបនេះ ហ៊ានចាត់វិធានការវះកាត់លោក ឱក ថេង ស្មៀនឃុំស្រែឈូក ដែរឬទេ..?។
ស្របពេលដែលមូលដ្ឋាន ដាក់បន្ទុកទៅលើលោក ឱក ថេង មានច្រើនដូចជាការបញ្ជាក់ពីលោក វ៉ាន់ រួន និងការទទួលស្គាល់ពីលោក តិ ឃិត មេឃុំស្រែឈូក.ជៀសវាងមហាជនរិៈគន់ថាៈ លោក នួន សារ៉ន កាន់ជើងតែគ្នាឯង ជឿលើកូនចៅ ធ្វើរបាយការណ៍ភូតកុហក់ដើម្បីដោះសារយករួចខ្លួន៕ដើមរាំង

Leave a Reply

Your email address will not be published. Required fields are marked *