(សៀមរាប)៖ រថយន្តដឹកអ្នកដំណើរបើកបុករថយន្តបែន ចតស្ងៀមគ្មានភ្លើងបំភ្លី ចំពីក្រោយពេញទំហឹង បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួស៦នាក់។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងស្ថិតនៅតាមផ្លូវជាតិលេខ៦ ក្នុងភូមិដំដែកថ្មី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា។
មន្ត្រីនគរបាលបានឱ្យដឹងថា ហេតុការណ៍នេះ កើតឡើងរវាងរថយន្តដឹកអ្នកដំណើរម៉ាកស្តារិចផ្លាកលេខសៀមរាប 2B9811។
រថយន្តនេះតៃកុងឈ្មោះ អិប បូរាណ អាយុ៣៤ឆ្នាំនៅភូមិវត្តដំណាក់ ក្រុងសៀមរាប បើកពីសៀមរាបទៅភ្នំពេញ បានរងរបួសធ្ងន់។
មកដល់កន្លែងខាងលើបានបុកចំពីក្រោយ រថយន្តធំបែនផ្លាកលេខកំពង់ចាម 3A 38 44 ឈប់ចតអត់មានភ្លើងបំភ្លឺ ។
បណ្តាលឱ្យខាងរថយន្តស្តារិចស្លាប់ម្នាក់ និងអ្នករួមដំណើរចំនួន ៦នាក់បានរងរបួស។ចំណែកអ្នកបើកបររថយន្តបែនបានរត់គេចខ្លួនបាត់។
រីឯអ្នករងរបួសទីលំនៅក្រុងសៀមរាប និងនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចជួយដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ចំពោះរថយន្តទាំង២គ្រឿង ត្រូវជំនាញយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម៕