(ព្រះវិហារ)៖ ពិតជាសហាវខ្លាំងណាស់ជនសង្ស័យម្នាក់ ទាញពូថៅកាប់ប្រពន្ធចំនួន៣ពូថៅចំក្បាល បណ្តាលឱ្យស្លាប់ភ្លាមៗ ហើយបានយកសាំងចាក់ដុតខ្លួនឯងរហូតរបួស។
ហេតុការណ៍នេះ បានកើតឡើងនៅភូមិស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុង/ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ។
សមត្ថកិច្ចបានឱ្យដឹងថាៈ ជនសង្ស័យឈ្មោះ ធី វ៉ូង អាយុ៤៤ឆ្នាំ រស់ភូមិសង្កាត់ខាងលើ។
ចំណែកប្រពន្ធឈ្មោះ ស្រី វឿន អាយុ៤៣ឆ្នាំរស់នៅជាមួយគ្នា។ ប្រជាពលរដ្ឋនៅក្បែនោះបានឱ្យដឹងថា កន្លងមកក្នុងគ្រួសារមួយនេះ ធ្លាប់មានរឿងរ៉ាវផ្ទុះកំហឹងឈ្លោះប្រកែកគ្នាជាញឹកញយ ព្រោះតែពួកគេផឹកស្រាស្រវឹង។
ក្នុងនោះខាងប្រពន្ធ ក៏ធ្លាប់កាប់ប្តីឱ្យរងរបួសម្តងដែរ។
តែពេលនេះពួកគេស្រវឹងបានឈ្លោះប្រកែកគ្នាទៀត ត្រូវប្តីទាញពូថៅកាប់លើប្រពន្ធចំនួន៣ពួថៅ ចំក្បាលចំក្បាល បណ្តាលឱ្យស្លាប់ភ្លាមៗ។
ក្រោយពីសម្លាប់ប្រពន្ធរួច ជនសង្ស័យបានយកសាំង មកចាក់ដុតខ្លួនឯងរងរបួស ហើយក៏រត់ចូលរថយន្តកំពុងបើក តែរថយន្តបានចាប់ហ្វ្រាំងឈប់ទាន់។
បន្ទាប់ពីហេតុការណ៍កើតឡើងសមត្ថកិច្ច បាននាំជនដៃដល់ទៅព្យាបាលនៅមន្ទីរពេទ្យ ដើម្បីបន្តនីតីវិធី៕