(តាកែវ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,១០៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៨ ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋមានកូនច្រើនចាប់ពីពេលបច្ចុប្បន្ននេះទៅ ខណៈពិភពលោកកំពុងមានកង្វះខាតយុវជនជំនាន់ក្រោយ ហើយមានកំណើនមនុស្សវ័យចាស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលអាណត្តិ៧ គឺបន្តអនុវត្តនូវបេសកកម្មក្នុងការបម្រើប្រជាជនដោយសម្រួចបន្ថែមលើគោលនយោបាយដែលមានស្រាប់ ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាជន និងការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយសុខសន្ដិភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា គណបក្សប្រជាជនកម្ពុជាមិនសន្យាជាមួយប្រជាជនថា ធ្វើបែបនេះឬបែបនោះ សម្រាប់ប្រជាជននោះទេ។ ប៉ុន្ដែគណបក្សប្រជាជនកម្ពុជាបានប្ដេជ្ញាចិត្តបម្រើប្រជាពលរដ្ឋ ផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងនៅជាមួយប្រជាពលរដ្ឋជានិច្ច។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាននៅវេលាម៉ោង ០៧:០០ ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣ នៅគ្រប់ទីកន្លែងឱ្យបានកុះករ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ការដាក់បញ្ចូលប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា ក្រោយប្រទេសមានសុខសន្ដិភាព ប្រលឹងដូនតា និងរូបចម្លាក់បុរាណខ្មែរ ដែលត្រូវបាត់បង់ក្នុងពេលសង្គ្រាមជាច្រើន ត្រូវបានបញ្ជូននមកកាន់ប្រទេសកម្ពុជាវិញជាបន្តបន្ទាប់។
សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្តរួចហើយ ក្នុងការបន្តផ្ដល់អត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត ដល់បងប្អូនកម្មករនិយោជិត ជាពិសេសប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ គឺត្រូវតែមានការដំឡើង។
សម្តេចធិបតី បញ្ជាក់ថា ក្រសួងការងារត្រូវសន្យាជាមួយរាជរដ្ឋាភិបាលត្រូវធ្វើយ៉ាងម៉េចសម្រេចឱ្យបាន ចំពោះកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៤ ខណៈក្រសួងបានឯកភាពគ្នារួចហើយកំណត់កិច្ចពិភាក្សាចុងក្រោយ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ តាមរយៈការបោះឆ្នោតសម្រេចលើតួរលេខរួមមួយ។
សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ណែនាំដល់អគ្គិសនីកម្ពុជា និងភាគីពាក់ព័ន្ធពិនិត្យក្នុងការអនុគ្រោះបញ្ចុះថ្លៃអគ្គិសនី ក្នុងនោះមានសហគ្រាស កសិកម្ម និងឧស្សាហកម្មប្រមាណ២១០០០ សហគ្រាសដែលអាចទទួលបានផលពីការគិតគូរ។
សម្តេចធិបតី ណែនាំដល់បណ្ដារាជធានី-ខេត្ត ត្រូវធ្វើយ៉ាងណាប្រកួតគ្នាស្វែងរកវិនិយោគិនមកខេត្តរបស់ខ្លួន (ទាក់ម៉ូយ) ស្របទៅតាមសក្តានុពលរបស់ខេត្តដែលមានស្រាប់ ខណៈរាជរដ្ឋាភិបាលបានធ្វើវិមជ្ឈការប្រគល់អំណាចទៅដល់ថ្នាក់ក្រោមជាតិរួចអស់ហើយ។
សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាក់ថា កម្ពុជា បន្តអនុវត្តនយោបាយ និងប្រកាន់ជំហរចិនមួយសម្រាប់ក្របខ័ណ្ឌទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន គឺមិនខុសនោះទេ។ សម្ដេចធិបតី បញ្ជាក់ថា កម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសកាន់តែច្រើនកាន់តែល្អសម្រាប់កម្ពុជា។
សម្តេចធិបតី ថ្លែងថា រដ្ឋាភិបាលអនាគតរបស់គណបក្សប្រជាជនកម្ពុជា ទោះបីថ្នាក់ដឹកនាំរូបណាក៏ដោយ ក៏ប្រកាន់ជំហរគិតគូរផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋជាសំខាន់ដែរ៕