យន្តហោះបំបាំងកាយ អាមេរិក F-35 តម្លៃ១០០លានដុល្លារ ដែលបាត់ខ្លួន នៅរដ្ឋ South Carolina ពេលនេះ ត្រូវបានមន្ត្រីយោធា រកឃើញបំណែកហើយនៅថ្ងៃអង្គារទី១៩ ខែកញ្ញា ។
អាជ្ញាធរនិយាយថាៈ បំណែកយន្តហោះ ដែលបាត់ខ្លួន កាលពីរសៀលថ្ងៃអាទិត្យ គឺត្រូវបានរកឃើញនៅតំបន់ជនបទ Williamsburg។
អ្នកបើកយន្តហោះ បានរំដោះខ្លួនចេញពីកាប៊ីន ហើយលោតឆ័ត្រយោងទៅកាន់កន្លែងសុវត្ថិភាពនៅក្នុងសង្កាត់ North Charleston។
ស្របពេលជាមួយគ្នានោះដែរ មន្ត្រីបានស្នើឲ្យសាធារណជន ជួយស្វែងរកបំណែកយន្តហោះបន្ថែមទៀត។
ក្រុមមន្ត្រីបានផ្តោតការស្វែងរករបស់ពួកគេនៅជុំវិញបឹង Moultrie និងបឹង Marion ភាគខាងជើងទីក្រុង Charleston ដែលជាទីតាំង គេដឹងចុងក្រោយរបស់យន្តហោះ។
អ្នកនាំពាក្យយោធាម្នាក់ បានប្រាប់ BBC ថាៈ បំណែកដែលរកឃើញ ត្រូវបានបញ្ជាក់ថា ជាបំណែកយន្តហោះដែលបាត់ខ្លួនពិតមែន។
ទោះបីជាយ៉ាងណា ក្រុមមន្ត្រីបានបញ្ជាក់ពីភាពអាថ៌កំបាំង នៃឧប្បត្តិហេតុរបស់យន្តហោះនេះ ហើយបច្ចុប្បន្នពួកគេកំពុងស៊ើបអង្កេត ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតទេ។
យន្តហោះនេះជាកម្មសិទ្ធិរបស់កងវរសេនាតូចហ្វឹកហ្វឺនប្រយុទ្ធដែនសមុទ្រលេខ៥០១ ដែលធ្វើការបណ្តុះបណ្តាលពីឡុត។
F-35 គឺជាយន្តហោះបំបាំងកាយ ដែលមានន័យថា តួយន្តហោះ ឧបករណ៍ចាប់សញ្ញា និងប្រព័ន្ធរបស់វា ត្រូវបានរចនាឡើងដើម្បីគេចពីរ៉ាដារបស់សត្រូវ។
ក្នុងឆ្នាំ២០១៨ យោធាអាមេរិក បានផ្អាកជាបណ្តោះអាសន្ននូវកងយន្តហោះ F-35 ទាំងស្រុង បន្ទាប់ពីហេតុការណ៍ធ្លាក់នៅរដ្ឋ South Carolina ដូចគ្នានេះ៕