នៅថ្ងៃចន្ទទី១៨ខែកញ្ញា គណៈរដ្ឋមន្ត្រីថៃ បានសម្រេចកាត់បន្ថយថ្លៃអគ្គិសនីបន្ថែមទៀត មកនៅត្រឹម ៣.៩៩ បាត (ប្រហែល ៤៦១រៀល) ក្នុងមួយគីឡូវ៉ាត់។
រឿងនេះកើតឡើង ក្រោយការសម្រេចចិត្តកាលពីសប្តាហ៍មុន ក្នុងការចុះថ្លៃពី ៤.៤៥បាត មកនៅ ៤.១០បាត ក្នុងមួយគីឡូវ៉ាត់។
ទោះបីជាយ៉ាងណាក៏ដោយ គណៈរដ្ឋមន្ត្រី មិនបានបញ្ជាក់ច្បាស់ថាៈ តើការចុះថ្លៃនេះ នឹងត្រូវអនុវត្តប៉ុន្មានខែ ឬអូសបន្លាយយូរយ៉ាងណានោះទេ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Watcharong និយាយថា បន្ទាប់ពីការកាត់បន្ថយតម្លៃ លើកដំបូងកាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី សេតថា ថាវីស៊ី បានចាត់ឲ្យរដ្ឋមន្ត្រីថាមពល Pirapan Salirathavibhaga ពិចារណាថាតើការបញ្ចុះតម្លៃបន្ថែមទៀត នឹងអាចធ្វើទៅបានដែរឬទេ ហើយមកដល់ថ្ងៃចន្ទ ទើបគណៈរដ្ឋមន្ត្រីសម្រេចតែម្តងទៅ។
គួរបញ្ជាក់ជាថ្មី បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់លោក សេតថា, គណៈរដ្ឋមន្ត្រីបានសម្រេចនៅថ្ងៃពុធទី១៣ខែកញ្ញា ក្នុងការចុះថ្លៃអគ្គិសនីពី ៤.៤៥ បាត មក ៤.១០ បាត ក្នុងមួយគីឡូវ៉ាត់។
គណៈរដ្ឋមន្ត្រី ក៏បានសម្រេចកាត់បន្ថយតម្លៃប្រេងម៉ាស៊ូតមកនៅក្រោម ៣០បាតក្នុងមួយលីត្រផងដែរ ចាប់ពីថ្ងៃទី២០ខែកញ្ញាទៅ។
ការចុះថ្លៃអគ្គិសនីនិងប្រេង គឺស្ថិតក្នុងចំណោមគោលនយោបាយអាទិភាពខ្ពស់បំផុត ដែលដាក់ចេញដោយគណបក្សភឿថៃ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន។
លើសពីនេះ គណៈរដ្ឋមន្ត្រី ក៏បានសម្រេចចិត្តបើកប្រាក់ខែមន្ត្រីរាជការ មួយខែពីរដងផងដែរ ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុរបស់ពួកគេ ហើយនៅត្រីមាសទីបួនឆ្នាំនេះ រដ្ឋាភិបាល នឹងអនុវត្តការផ្អាកសងបំណុលរបស់កសិករ៕