ក្រសួងយុត្តិធម៌ សម្រេចផ្អាកចាត់វិធានការផ្លូវច្បាប់លើលោក ព្រំ សាន!

(ភ្នំពេញ)៖ នៅទីបំផុត ក្រសួងយុត្តិធម៌ សម្រេចផ្អាកចាត់វិធានការផ្លូវច្បាប់ លើលោក ព្រំ សាន ចាងហ្វាងសារព័ត៌មាន«សាន្ត ព្រំ.San Prum»។
នេះបើយោងតាម ការបញ្ជាក់ពីលោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ នៅល្ងាចទី១៨.០៩.២០២៣។

លោកបណ្ឌិត គឹម សន្តិភាព បានលើកឡើងយ៉ាងដូច្នេះថា«សូមជម្រាបជូនសាធារណជនជ្រាបថា៖ ដោយទទួលបានគោលការណ៍ដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ខ្ញុំសូមបញ្ជាក់ជូនថាក្រសួងយុត្តិធម៌សម្រេចចិត្តផ្អាកចំណាត់ការទៅតុលាការពាក់ព័ន្ធករណីលោក ព្រំ សាន មួយរយៈពេលសិន។
ក្រសួងយុត្តិធម៌នឹងបន្តតាមដានរាល់ព័ត៌មានទាំងឡាយណា ដែលមានចរិតជាការបរិហារកេរ្តិ៍ លើស្ថាប័នរបស់រដ្ឋបែបនេះ!»។

ការផ្អាកចាត់វិធានការផ្លូវច្បាប់ នៅពេលនេះ បន្ទាប់ពីលោក ព្រំ សាន បានប្រកាសទទួលស្គាល់កំហុសឆ្គងរបស់ខ្លួន និងសូមអភ័យទោស ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីយប់ទី១៥.០៩.២០២៣។

ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៥.០៩.២០២៣ បានអះអាងថាៈ«ការផ្សាយព័ត៌មានក្នុងបណ្ដាញ សង្គមហ្វេសប៊ុករបស់ឈ្មោះ San Prum ជាការផ្សាយព័ត៌មាន មិនពិត ដែលមានចរិត បរិហាកេរ្តិ៍ ចំពោះក្រសួងយុត្តិធម៌»។
ក្នុងនោះក្រសួងយុត្តិធម៌ ក៏បានប្រកាសចាត់វិធានការ ផ្លូវច្បាប់លើលោក ព្រំ សាន ផងដែរ។

ដើមចមដំបូងលោក ព្រំ សាន បានបង្ហោះ អមដោយរូបភាពថា«មានបញ្ហាហើយក្រសួងយុត្តិធម៌ ?
យឹម ភារុន ក្រោយចេញពីគុក បានប្រឡងជាប់ក្របខ័ណ្ឌប៉ូលិសតើព្រឹត្តប័ត្រ ថ្កោលទោសចេញពីក្រសួងយុត្តិធម៌បញ្ជាក់(Certifier)ថាដូចម្ដេច ?មិនធ្លាប់មានទោសឬ?រឿងជាន់រឿងហើយ !
……..តាមដឹងហាងឆេងបញ្ជាក់បែបនេះ(មិនដែលមានទោស)មិនក្រោមពាន់ដុល្លារទេ !! ហ៌ាសៗៗ»។

ទន្ទឹមនិងនោះ នៅល្ងាចទី១៥.០៩.២០២៣លោក ព្រំ សាន បានថ្លែងប្រាប់«ដើមរាំង»ថាៈ រូបលោកធ្វើការផ្សព្វផ្សាយ ទៅតាមប្រភពដែលទទួលបានប៉ុណ្ណោះ។
ដោយគ្មានចេតនាញុះញង់ ឬបរិហារកេរ្តិ៍ លើស្ថាប័នក្រសួងយុត្តិធម៌ នោះឡើយ។

លោក ព្រំ សាន បន្តថាៈ ជាគោលការមុនចូលក្របខ័ណ្ឌរដ្ឋ រាល់បុគ្គលទាំងនោះ ត្រូវមកសុំលិខិតថ្កោលទោស ពីក្រសួងយុត្តិធម៌ ។
ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ ថា មិនបានប្រព្រឹត្តបទល្មើស និងមិនធ្លាប់មានទោសពីមុនមក..!។
តែផ្ទុយទៅវិញបែរជាបុគ្គល យឹម ភារុន ធ្លាប់ជាប់ពន្ធនាគារហើយ ពេលចេញមកវិញ បានចូលក្របខ័ណ្ឌនគរបាលជាតិ ទើបមានការបង្ហោះតែម្ដងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *