ក្រសួងការបរទេសចិន នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញានេះ បាននិយាយថារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកញ្ញា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាស្ដីពីសន្តិសុខ។
ចិន និងរុស្ស៊ី គឺជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ ដោយប្រទេសទាំង២តែងតែហៅថាទំនាក់ទំនងរបស់ខ្លួន ។
គឺជាដៃគូគ្មានព្រំដែន ក៏ដូចជាកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ លើវិស័យសេដ្ឋកិច្ច និងយោធា។
ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំងកាន់តែស្អិតល្មួតខ្លាំងឡើង ក្រោយរុស្ស៊ី លើកទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ដែលជាសង្រ្គាមឈ្លានពានមួយទទួលរងការថ្កោលទោសពីលោកខាងលិច។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសចិនបានឱ្យដឹងថាលោក វ៉ាង យី នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ។
ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រឹក្សាយោបល់ យុទ្ធសាស្ត្រសន្តិសុខចិន -រុស្ស៊ី ហៅកាត់ថា SSCC ជុំទី១៨ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកញ្ញានេះ តបតាមការអញ្ជើញពីលោក នីកូឡៃ ផាទ្រូសេវ (Nikolai Patrushev) ជាលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី។
គួរបញ្ជាក់ថាៈ កាលពីខែសីហាកន្លងទៅ រដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu) ក៏បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី និងបេឡារុស ផងដែរ ជាមួយការអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែស្និទ្ធ៕