(ព្រះវិហារ)៖ ក្រសួងទេសចរណ៍កម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៣ បានផ្សាយព័ត៌មាន ស្ដីពីប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយជោគជ័យ។
មន្ត្រីជំនាញបានឱ្យដឹងថាៈ ប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកក្នុងបញ្ជីរបស់អង្គការសហប្រជាជាតិ ។
បន្ទាប់ពីកម្ពុជាបានចូលរួមកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៥ នៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៣។
សូមបញ្ជាក់ថាៈ ប្រាសាទកោះកេរ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជូនឯកសារស្នើ សុំចុះបញ្ជីនៅតំបន់ប្រាសាទកោះកេរ ទៅអង្គការយូណេស្កូ តាំងពីខែមករា ឆ្នាំ២០២១។ប្រាសាទកោះកេរមានទំហីផ្ទៃដីជាង៨.៧០០ហិកតា ស្ថិតក្នុងស្រុកគូលែន ឃុំស្រយង់ ខេត្តព្រះវិហារ។
ប្រាសាទនេះមានលក្ខណៈ ជាប្រាសាទភ្នំ កម្ពស់ប្រមាណ៣៥ម៉ែត្រ ចែកចេញជា៧ថ្នាក់ ដូចជាមហាចេតិយ៍បែរមុខទៅរករាជធានីអង្គរ នៅឯទិសខាងលិច ដោយមានកាំជណ្តើរប្រមាណ៥៥កាំ។
តាមថ្នាក់ពីមួយទៅមួយ មានកម្ពស់៥ម៉ែត្រ មានផ្ទៃរាបប្រមាណ២ម៉ែត្រ តាមចន្លោះថ្នាក់នីមួយៗ។
នៅលើកំពូលប្រាសាទនេះ មានរូបចម្លាក់គ្រុឌធំៗជាច្រើន កំពុងសំដែងរិទ្ធ ទ្រនូវសិវលឹង្គ ត្រីភូវនេស្វរៈ ។
នៅក្បែរគ្នានេះដែរមានមាត់រន្ធអណ្តូងមួយទំហំ៤មគុណ៤ម។
ប្រាសាទកោះកេរបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទកោះកេរ មានរូបរាងជាពីរ៉ាមីតដោយមាន៧ជាន់និងមានកម្ពស់៣៥ម៉ែត្រ។
សព្វថ្ងៃនៅរមណីយដ្ឋានប្រាសាទកោះកេរ មានសំណង់ប្រាសាទ សំណង់សាសនា ប្រព័ន្ធធារាសាស្រ្តចំនួន១២៧ ក្នុងនោះមានប្រាសាទដែលនៅមានរូបរាងចំនួន៥៦៕