(ភ្នំពេញ)៖ សមត្ថកិច្ចស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យបានម្នាក់ទៀត សរុប២នាក់ហើយ ក្នុងចំណោមបក្ខពួក៣នាក់ ។
ដែលពួកគេព្រួតគ្នា កាប់ជនបរទេស នៅម្តុំសួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៦ ខែកញ្ញាកន្លងទៅ។
សមត្ថកិច្ចបានឱ្យដឹងថាៈ ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងនគរបាលខណ្ឌ បានចុះចាប់ជនដៃដល់ម្នាក់រួមទាំងកាំបិតប៉័ងតោ ដែលលាក់ទុកក្នុងធុងសំរាមក្បែរកន្លែងកើតហេតុ។
ជនសង្ស័យឈ្មោះ អ៊ួន សុខពៅ អាយុ៣០ឆ្នាំស្នាក់នៅម្តុំកន្លែងផ្ញើម៉ូតូក្បែររបងវត្តឧណ្ណាលោម ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
បន្ទាប់មកថ្ងៃទី១៧ ខែកញ្ញា នៅមុខបុរីវិមានភ្នំពេញ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានតាមចាប់ជនសង្ស័យម្នាក់ទៀតឈ្មោះ ញឹម ម៉ៅ អាយុ៣០ឆ្នាំស្នាក់នៅក្នុងវត្តសារ៉ាវន្តតេជោ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
មុនកើតហេតុជនល្មើស៣នាក់ បានប្រើកាំបិតប៉័ងតោ កាប់លើជនរងគ្រោះ បុរសជនជាតិអូស្ត្រាលីម្នាក់ អាយុជាង៥០ឆ្នាំ បណ្តាលឱ្យរងរបួសដៃឆ្វេង។
សមត្ថកិច្ចចាប់បាន២នាក់ជាបន្តបន្ទាប់និងម្នាក់ទៀតកំពុងរត់គេចខ្លួន។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ ផ្នែកនគរបាលជំនាញខណ្ឌដូនពេញ កំពុងកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី និងបន្តស្រាវជ្រាវស្វែងរកចាប់ បក្ខពួកម្នាក់ទៀត យកមកចាត់ការតាមច្បាប់៕