ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយកម្មកររោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ!

(ភ្នំពេញ)៖ នៅព្រឹកទី២៧ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីកម្ពុជា បានបន្ដអញ្ជើញសំណេះសំណាល ជាមួយកម្មករ និយោជិត​សរុបចំនួន ១៩,០០០នាក់។
កម្មករ និយោជិតទាំងអស់នេះ មកពីរោងចក្រ សហគ្រាស ចំនួន៨១ ក្នុងនោះរោងចក្រវិស័យកាត់ដេរ ចំនួន១៣ និងក្រៅពីកាត់ដេរ ចំនួន៦៨ ដែលមកពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញទាំងអស់។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចំណាយកម្លាំងចុះជួបកម្មករ និយោជិត មិនអត់ប្រយោជន៍នោះទេ។

សម្តេចតេជោ ណែនាំឱ្យក្រសួងការងារ និងថៅកែរោងចក្រ ប្រឹងប្រែងអនុវត្តន៍ឱ្យបាននូវគោលការណ៍ទាំងឡាយ ដែលសម្តេចបានដាក់ចេញជាប្រយោជន៍សម្រាប់កម្មករ និយោជិត។

សម្តេចតេជោ ការធ្វើកសិកម្មតែមួយមុខមិនអាចឱ្យប្រទេសក្លាយជាអ្នកមានបាននោះឡើយ។

សម្តេចតេជោ បានថ្លែងថា ដោយសារកសិកម្មតែមួយមុខមិនអាចធ្វើឱ្យកម្ពុជាក្លាយជាអ្នកមាននេះហើយ ទើបសម្តេចប្រឹងប្រែងទាក់ទាញការវិនិយោគពីក្រៅប្រទេស ជំរុញវិស័យឧស្សាហកម្ម។

សម្តេចតេជោ បានក្រើនរំលឹកកម្មករ និយោជិតថា បើគ្មានសន្តិភាព គ្មានការវិនិយោគ ហើយបើគ្មានការវិនិយោគ កម្មករ និយោជិតទាំងអស់ នឹងនៅធ្វើស្រែចម្ការជាមួយឪពុកម្តាយ។

សម្តេចតេជោ សូម្បី ឡេនីន ក៏បានលើកឡើងដែរថា បើគ្មានថៅកែ គឺគ្មានកម្មករនោះឡើយ។

សម្តេចតេជោ ដើម្បីសុខដុមក្នុងរោងចក្រ គឺត្រូវតែមានការរួ​មគ្នារវាងថៅកែ និងកម្មករ។

សម្តេចតេជោ ថ្នាក់ដឹកនាំខេត្តនីមួយៗ ត្រូវប្រឹងប្រែងទាក់ទាញការវិនិយោគ ខណៈរាជរដ្ឋាភិបាលបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រួចរាល់ហើយ។

សម្តេចតេជោ រយៈពេល៤ខែ ឆ្នាំ២០២៣ ទំហំនៃការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ ៧ពាន់ ៣៣១លានដុល្លារ ខណៈខែមេសា ទំហំនាំចេញមានទឹកប្រាក់ ១,៨៤២លានដុល្លារ។

សម្តេចតេជោ មិនត្រូវឱ្យរោងចក្រ សហគ្រាស ក្លាយជាកន្លែងជក់ថ្នាំញៀន និងកាប់ចាក់គ្នានោះឡើយ។

សម្តេចតេជោ បន្តអំពាវនាវកម្មករ និយោជិត ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបាន។

សម្តេចតេជោ រក្សាសន្តិភាពឱ្យបាន ទើបមានការអភិវឌ្ឍន៍។

សម្តេចតេជោ មានតែអ្នកដែលប្រឹងរកសន្តិភាព ទើបជាអ្នកប្រឹងប្រែងការពារសន្តិភាព។

សម្តេចតេជោ អ្នកអំពាវនាវឱ្យកម្លាំងប្រដាប់អាវុធបង្វែរកាណុង និងឱ្យប្រជាពលរដ្ឋងើបប៉ះបោរជាការដណ្តើមអំណាចមិនស្របតាមគន្លងប្រជាធិបតេយ្យនោះឡើយ។

សម្តេចតេជោ អ្នកចង់បានអំណាចមិនតាមប្រជាធិបតេយ្យ គឺសម្តេចបង្ក្រាបទាំងអស់។

សម្តេចតេជោ សម្តេចមិនធ្វេសប្រហែសនឹងជោគវាសនាជាតិនោះឡើយ ទោះបីជនបរទេសនិយាយបែបណាក៏ដោយ។

សម្តេចតេជោ អំពាវនាវកម្មករ និយោជិត នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា សម្តេចតេជោ ក៏បានថ្លែងអំណរគុណកម្មករ និយោជិត ដែលបានបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា អ្នកការពារសុខសន្តិភាព។

សម្តេចតេជោ កោតសរសើរលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីគេទម្លាក់ពីអំណាច និងនិរទេសខ្លួននៅក្រៅប្រទេស តែលោក ថាក់ស៊ីន មិនដែលអំពាវនាវឱ្យគេដាក់ទណ្ឌកម្មលើប្រទេសថៃនោះឡើយ។ ផ្ទុយពីអ្នកនយោបាយខ្មែរ តែងតែអំពាវនាវឱ្យបរទេសដាក់ទណ្ឌកម្មលើកម្ពុជា។

សម្តេចតេជោ សូមឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រការប្រកួតកីឡាជនមានពិការភាព អាស៊ានប៉ារ៉ាហ្គេម៕

Leave a Reply

Your email address will not be published. Required fields are marked *