fbpx

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ (២០២៣-២០២៧) កម្មវិធីប្រកាសដាក់ឱ្យអនុវត្តនេះ មានការអញ្ជើញចូលរួមពីសមាជិក និងសមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងតំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលផងដែរ។

ក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន៖ បានមានប្រសាសន៍ថាៈ«យើងមិនអាចរងចាំរហូតដល់មានសន្ដិភាពពេញលេញទើបយើងធ្វើការកែទម្រង់នោះទេ»។
សម្ដេចបញ្ជាក់ថា ក្នុងពេលសម្ដេចតេជោធ្វើជានាយករដ្ឋមន្រ្ដី សម្ដេចបានដាក់ចេញកញ្ចប់កំណែទម្រង់ជាមួយគ្នាផងដែរ នៅក្នុងនោះគឺទីមួយកំណែទម្រង់ នយោបាយ និងទីពីរកំណែទម្រង់ខាងសេដ្ឋកិច្ចនោះឯង ដើម្បីធ្វើឱ្យកម្ពុជាទទួលបានការអភិវឌ្ឍ និងសន្ដិភាពដូចសព្វថ្ងៃនេះ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ផ្ទៃក្នុងមិនយល់គឺជាគ្រោះថ្នាក់ធំណាស់នៅក្នុងការធ្វើកំណែទម្រង់របស់ប្រទេសជាតិ ជាពិសេសលើការធ្វើកំណែទម្រង់នយោបាយរបស់ប្រទេសជាតិ។

សម្ដេចតេជោ មានប្រសាសន៍ថា ចំណុចទាក់ទងនឹងការគ្រប់គ្រងសាធារណៈរបស់កម្ពុជា គឺមិនលំបាកដល់ការធ្វើកំណែទម្រង់ផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជានោះទេ ដែលការធ្វើកំណែទម្រង់ទាំងពីរនេះ គឺទាមទារឱ្យសម្ដេចតេជោនាយករដ្ឋមន្រ្ដី ត្រូវយកជីវិតទៅប្ដូរគ្រប់ពេលទាំងអស់។

សម្ដេចតេជោ បញ្ជាក់ថា ឥឡូវនេះ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឈានដល់ ដំណាក់កាលទី៤ (២០២៣-២០២៧) ក្នុងគោលដៅ បង្កើនគណនេយ្យភាពសម្មតិកម្ម ខណៈកម្ពុជាបានដាក់ចេញនូវកំណែទម្រង់នូវដំណាក់កាលទី១ ត្រូវបានអនុវត្តពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ ផ្ដោតលើគោលដៅផ្ដោតភាព ជឿទុកចិត្តលើថវិកា ក្នុងគោលបង្កើនគនេយ្យភាពហិរញ្ញវត្ថុ កំណែទម្រង់ដំណាក់ទី៣ គឺបង្កើនការផ្សាភ្ជាប់ថវិកាទៅលើគោនយោបាយ និង កំណែទម្រង់ដំណាក់កាលទី៤ គឺបានដាក់ឱ្យ (២០២៣-២០២៧) បង្កើនគណនេយ្យភាពសម្មតិកម្មនេះឯង។

សម្ដេចតេជោ បញ្ជាក់ថា បច្ចុប្បន្នការខ្ចីពីក្រៅប្រទេសប្រចាំឆ្នាំមានទំហំមិនស្នើនឹង ២០ ភាគរយ នៃថវិកាជាតិសរុបនោះទេ។
ផ្ទុយទៅវិញ កាលពី៣០ ឆ្នាំមុន ចំណូលក្នុងស្រុកដែលកម្ពុជាអាចរកបានដោយខ្លួនឯងមានត្រឹម២ ភាគ៣ នៃថវិកាជាតិសរុប តែប៉ុណ្ណោះ មានន័យថា តម្រូវការប្រមាណ ២ ភាគ៣ នៃថវិកាជាតិ ត្រូវបានដោះស្រាយដោយធនធានជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស នេះគឺជាលទ្ធផលជាក់ស្ដែងដែលកម្ពុជាសម្រេចបានស្របតាមគោលជំហរដឹកនាំដែលសម្ដេចតេជោបានដាក់ចេញនាពេលកន្លងទៅ គឺ«កែទម្រង់រស់ មិនកែទម្រង់ស្លាប់»។

សម្ដេចតេជោ មានប្រសាសន៍ថា ការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាបានឈានចូលដល់ យុទ្ធសាស្រ្ដកម្រិតខ្ពស់ ដែលជាគោលដៅចំបងរបស់រាជរដ្ឋាភិបាល គឺជាការប្រែប្រួលជាសារវន្តផ្នែកគោលនយោបាយ និងយុទ្ធសាស្រ្ដអាទិភាពដែលសំដៅដល់ការពង្រឹងប្រសិទ្ធភាព គុណភាព និងការទទួលខុសត្រូវលើលទ្ធផលនៃការអនុវត្តរបស់ស្ថាប័នសាធារណៈ និងមន្រ្ដីរាជការក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទាំងមូល។

សម្ដេចតេជោ បានផ្ដល់អនុសាសន៍ដល់បណ្ដាក្រសួងស្ថាប័ន ឱ្យបង្កើនភាពជាម្ចាស់ក្នុងការធ្វើកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួងស្ថាប័ន ដោយរដ្ឋមន្រ្ដី និងប្រធានស្ថាប័នត្រូវជំរុញការអនុវត្តនេះប្រកបដោយភាពជាម្ចាស់ស្របតាមគោលការរបស់រាជរដ្ឋាភិបាល។

សម្ដេចតេជោ បញ្ជាក់ថា អភិបាលកិច្ចល្អត្រូវការសមាសភាពសំខាន់ទាំង៤ ដែលជាកម្មវត្ថុនៃការកែទម្រង់ ៣បូក១ ពោលគឺ ទី១ ការគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និង​ស័កសិទ្ធភាព ។
ទី២ ធនធានមនុស្ស និងស្ថាប័នសាធារណៈ ប្រកបដោយគុណភាព ភាពស្អាតស្អំ និងសមត្ថភាព ។
ទី៣ ការកំណត់បែងជែកមុខងារច្បាស់លាស់ ការធ្វើប្រតិភូកម្មអំណាចត្រឹមត្រូវ និងការសម្របសម្រួលអនុវត្តមុខងារប្រកបដោយប្រសិទ្ធភាព និងទី៤ ប្រព័ន្ធច្បាប់ និងយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *