ការវាយប្រហាររបស់រុស្សី នៅតែបន្តក្នុងប្រទេសអ៊ុយក្រែន បើទោះបីជាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងស្នងការទទួលបន្ទុកសិទ្ធិកុមាររបស់រុស្ស៊ីក៏ដោយ!។
កងទ័ពអាកាសអ៊ុយក្រែន បាននិយាយនៅព្រឹកព្រលឹមថ្ងៃសៅរ៍ថាៈ អ៊ុយក្រែនត្រូវបានវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករុស្ស៊ីចំនួន 16 គ្រឿងកាលពីយប់ថ្ងៃសុក្រ។
ដោយសរសេរនៅលើ Telegram បញ្ជាការកងទ័ពអាកាសបាននិយាយថាៈ យន្តហោះគ្មានមនុស្សបើក ១១ គ្រឿងក្នុងចំណោម ១៦ គ្រឿងត្រូវបានបាញ់ទម្លាក់ “នៅតំបន់កណ្តាល ខាងលិច និងភាគខាងកើត”។
ប្រធានរដ្ឋបាលទីក្រុង Kyiv លោក Serhii Popko បាននិយាយថាៈ ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកទាំងអស់ ។
ដែលធ្វើដំណើរទៅកាន់រដ្ឋធានីអ៊ុយក្រែន ខណៈដែលអភិបាលតំបន់ Lviv លោក Maksym Kozytskyi បាននិយាយកាលពីថ្ងៃសៅរ៍ថាៈ យន្តហោះគ្មានមនុស្សបើកចំនួន ៣ ក្នុងចំណោម ៦ គ្រឿង ត្រូវបានបាញ់ទម្លាក់ ។
ខណៈ ៣ គ្រឿងផ្សេងទៀតបានវាយប្រហារតំបន់ជាប់ព្រំដែន ប្រទេសប៉ូឡូញ។
យោធាអ៊ុយក្រែនបានបន្ថែមនៅក្នុងការអាប់ដេតជាប្រចាំរបស់ខ្លួននៅព្រឹកថ្ងៃសៅរ៍ថា កងកម្លាំងរុស្ស៊ីក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ បានបើកការវាយប្រហារតាមអាកាសចំនួន 34 ដង ការវាយប្រហារដោយកាំជ្រួចមួយ និងការបាញ់ប្រឆាំងយន្តហោះចំនួន 57 ជុំ។
គួរបញ្ជាក់ថាៈ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បាននិយាយកាលពីថ្ងៃសុក្រថាៈ ខ្លួនបានចេញដីកាចាប់ខ្លួនលោកពូទីន ពីបទឧក្រិដ្ឋកម្មសង្គ្រាមដោយចោទប្រកាន់គាត់ពីការទទួលខុសត្រូវផ្ទាល់ខ្លួនចំពោះការចាប់ពង្រត់កុមារពីអ៊ុយក្រែនរួមជាមួយនឹងស្នងការទទួលបន្ទុកសិទ្ធិកុមាររបស់រុស្ស៊ី Maria Lvova-Belova៕