អគ្គរដ្ឋអាជ្ញាអ៊ុយក្រែន លោក Andriy Kostin បានសាទរចំពោះចំណាត់ការរបស់ ICC ដែលចេញដីកាចាប់ខ្លួនលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។
លោក Andriy Kostin និយាយថាៈ ពិភពលោកបានទទួលសញ្ញាថា របបរុស្ស៊ីជាឧក្រិដ្ឋជន ហើយការដឹកនាំ និងបក្ខពួកនឹងត្រូវទទួលខុសត្រូវ។
នេះជាការសម្រេចចិត្តជាប្រវត្តិសាស្ត្រសម្រាប់អ៊ុយក្រែន និងប្រព័ន្ធច្បាប់អន្តរជាតិទាំងមូល។
សូមជម្រាបថាៈ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជុំវិញការចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ។
ខណៈដែលទីក្រុងមូស្គូ បានច្រានចោលចំណាត់ការនេះ ដោយថាៈ គ្មានន័យទាល់តែសោះ!។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថាៈ ដីកាត្រូវបានចេញជុំវិញ ការសង្ស័យថាលោកពូទីន មានជាប់ពាក់ព័ន្ធក្នុងការនិរទេស និងការផ្ទេរកុមារ ដោយខុសច្បាប់ពីតំបន់កាន់កាប់របស់អ៊ុយក្រែន ទៅកាន់ប្រទេសរុស្ស៊ី។
សេចក្តីថ្លែងការណ៍បានបន្ថែមថាៈ លោកពូទីន ទទួលខុសត្រូវព្រហ្មទណ្ឌបុគ្គល” លើការចាប់ពង្រត់កុមារ “សម្រាប់ការប្រព្រឹត្តដោយផ្ទាល់ រួមជាមួយនឹងអ្នកដទៃ និង/ឬតាមរយៈអ្នកដទៃ (និង)។
ចំពោះការបរាជ័យរបស់គាត់ក្នុងការអនុវត្តការគ្រប់គ្រងឱ្យបានត្រឹមត្រូវលើអ្នកក្រោមបង្គាប់ស៊ីវិល និងយោធា។
ជាមួយគ្នានោះ ICC ក៏បានចេញដីកាចាប់ខ្លួន លោកស្រី Maria Alekseevna Lvova-Belova ស្នងការទទួលបន្ទុកសិទ្ធិកុមារ ក្នុងការិយាល័យប្រធានាធិបតីរុស្ស៊ី លើការចោទប្រកាន់ ស្រដៀងគ្នានេះផងដែរ។
ទោះជាយ៉ាងណា រុស្ស៊ី បានបដិសេធមិនបានប្រព្រឹត្តអំពើឃោរឃៅ ចាប់តាំងពីខ្លួន បានឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈឆ្នាំមុននោះ និងបានច្រានចោល ចំណាត់ការរបស់ ICC ទុកជាមោឃៈ៕