(ព្រៃវែង)៖ យុវជនចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចប៉ូលិសខេត្តព្រៃវែង ឃាត់ខ្លួន បន្ទាប់ពីពួកគេ គប់កញ្ចក់រថយន្តកុងតឺន័រ១គ្រឿង!។
ហេតុការណ៍គប់កញ្ចក់រថយន្តនេះ បានកើតឡើង នៅលើដងផ្លូវជាតិលេខ១ ក្នុងភូមិផ្កូវ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កាលពីយប់ទី១៥.០៣.២០២៣។
ក្នុងនោះ ក្រុមជនសង្ស័យត្រូវបានប៉ូលិសឃាត់ខ្លួនជាបន្តបន្ទាប់ នៅថ្ងៃទី១៦.០៣.២០២៣ ក្រោយកើតហេតុ១យប់។
លោក សួន សំអឿន អធិការស្រុកកំពង់ត្របែក បានទទួលស្គាល់ថាៈ ពិតជាមានករណី គប់កញ្ចក់រថយន្តប្រាកដមែន!។
បើតាមលោក សួន សំអឿន ជនសង្ស័យចំនួន៣នាក់ ត្រូវបានឃាត់ខ្លួន និងត្រូវបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ត។
សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថាៈជនសង្ស័យទាំង៣នាក់៖
ទី១.ឈ្មោះ ថៃ មេសា ភេទប្រុស អាយុ១៨ឆ្នាំនៅភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង(ឃាត់ខ្លួន)។
២.ឈ្មោះ វ៉ា ស៊ីថេត ភេទប្រុសអាយុ ១៧ឆ្នាំ នៅភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង(ឃាត់ខ្លួន)។
៣.ឈ្មោះ ឆោម សុភីត ភេទប្រុស អាយុ១៨ឆ្នាំនៅភូមិព្រៃតាណេន ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង(ឃាត់ខ្លួន)។
នៅចំពោះមុខសមត្ថកិច្ចៈ ជនសង្ស័យទាំង៣នាក់ បានសារភាពថាៈ ពួកគេពិតជាបានធ្វើសកម្មភាព គប់កញ្ចក់រថយន្តកុងតឺន័រ នៅចំណុចខាងលើពិតប្រាកដមែន។
ដោយជនសង្ស័យឈ្មោះ ថៃ មេសា ជាអ្នកឌុប ហើយឈ្មោះ វ៉ា ស៊ីថេត ជិៈកណ្តាល គឺជាអ្នកគប់ និងឈ្មោះ ឆោម សុភីត ជិៈពីក្រោយ។
នៅមុនពេលកើតហេតុ មានរថយន្តកុងតឺន័រ១គ្រឿង ពាក់ស្លាកលេខ ស្វាយរៀង 3A-3097 បើកបរដោយឈ្មោះ ស៊ឹម សូណា ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរខេត្តកំពង់ចាម បើកក្នុងទិសដៅពីកើតមកលិច។
លុះមកដល់កន្លែងកើតហេតុ មានក្រុមជនសង្ស័យចំនួន៣នាក់ ជិៈម៉ូតូ១គ្រឿង(មិនស្គាល់ម៉ាក)
បើកក្នុងទិសដៅបញ្ច្រាសគ្នា បានធ្វើសកម្មភាពគប់ ទៅលើកញ្ចក់ រថយន្ត បណ្ដាលឱ្យប្រេះស្រាំកញ្ចក់ រថយន្តផ្នែកខាងមុខ។
ទន្ទឹមនិងនោះ ក៏មានគណនី Facebook ឈ្មោះ Sona.sim បានបង្ហោះថាៈ នៅចំណុចខាងកើតផ្សារ កអណ្ដើក មានក្រុមក្មេងស្ទាវ គប់កញ្ចក់រថយន្ត នៅវេលាយប់ម៉ោងប្រហែល ៩:៣៥ នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ។
ក្រោយទទួលបានព័ត៌មាននេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តព្រៃវែង សហការជាមួយ អធិការស្រុកកំពង់ត្របែក បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ។
បច្ចុប្បន្នៈ ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕