fbpx

Update៖ តំណាងពលរដ្ឋចេញមុខសូមទោស អាជ្ញាធរស្រុកកំពង់ត្របែក ក្រោយទំនាស់ដីផ្លូវ ត្រូវបានដោះស្រាយបញ្ចប់!

(ព្រៃវែង)៖ លោក វ៉ាន់ អង អាយុ៣៩ឆ្នាំ នៅភូមិខ្លំ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង តំណាងឱ្យពលរដ្ឋក្នុងភូមិ..!។
បានចេញមុខសូមទោស អាជ្ញាធរឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រួមនិងមន្ត្រីជំនាញសុរិយោដី ស្រុក និងខេត្តព្រៃវែង!។

ចំពោះការលើកឡើង និងចោទប្រកាន់របស់ខ្លួន កាលពីកន្លងមកថាៈ អាជ្ញាធរស្រុកកំពង់ត្របែក និងមន្ត្រីជំនាញ ឃុបឃិតគ្នាជាប្រព័ន្ធ ក្នុងការកាត់ឆ្វៀលដីផ្លូវសាធារណៈ ឱ្យទៅបុគ្គល១គ្រួសារ។

ការថ្លែងសូមទោសពីសំណាក់ លោក វ៉ាន់ អង នៅពេលនេះ បន្ទាប់ពីទំនាស់ដីផ្លូវសាធារណៈ ត្រង់ចំណុចព្រំប្រទល់ រវាងភូមិខ្លំ និងភូមិអន្លង់ចក ក្នុងភូមិអន្លង់ចក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ត្រូវបានអាជ្ញាធរ ស្រុកកំពង់ត្របែក ធ្វើការសម្របសម្រួល ដោះស្រាយបញ្ចប់ ប្រកបដោយប្រសិទ្ធភាព«ដោយវាតទីបើកផ្លូវ និងចាក់ដីជួសជុលផ្លូវ»។

លោក វ៉ាន់ អង បានថ្លែងប្រាប់«ដើមរាំង»នៅរសៀលថ្ងៃទី១៥.០៣.២០២៣ថាៈ រូបលោករួមនិងពលរដ្ឋជិត១០០គ្រួសារ នៅភូមិខ្លំ ឃុំពាមមន្ទារ និងភូមិអន្លង់ចក ឃុំកំពង់ត្របែក។
ពិតជាបានប្រើពាក្យពេចន៍ មិនសមរម្យចោទប្រកាន់ទៅលើ អាជ្ញាធរស្រុកកំពង់ត្របែក ប្រាកដមែន។

បើតាមលោក វ៉ាន់ អង កាលពីកំឡុងខែកុម្ភៈ ឆ្នាំ២០២៣ រូបលោករួមនិងពលរដ្ឋ បានផ្ដល់បទសម្ភាសន៍មកកាន់«ដើមរាំង»។
ដោយចោទប្រកាន់អាជ្ញាធរស្រុកកំពង់ត្របែកថា«ឃុបឃិតគ្នាជាប្រព័ន្ធក្នុងការកាត់ឆ្វៀលដីផ្លូវ ដើម្បីចេញប័ណ្ណកម្មសិទ្ធ”ប្លង់រឹង”ឱ្យទៅបុគ្គល១គ្រួសារ»។

ក្រោយដឹងកំហុស និងទទួលបានដំណោះស្រាយសមហេតុផល លោក វ៉ាន់ អង មិនត្រឹមតែសូមទោសអាជ្ញាធរប៉ុណ្ណោះទេ ដោយលោក ថែមទាំងអរគុណអាជ្ញាធរទៀតផង..!។

លោក វ៉ាន់ អង បញ្ជាក់ថាៈ មូលហេតុដែលពួកខ្លួនចោទអាជ្ញាធរ ក៏ព្រោះតែ”កំហឹងនិងទំនាស់ដីផ្លូវសាធារណៈ”។

ទោះជាយ៉ាងណាក្ដីៈ ក្រោយមានការចោទប្រកាន់និងផ្សព្វផ្សាយ តាមបណ្ដាញសារព័ត៌មាន«ដើមរាំង»។
គេឃើញថាៈ ដីផ្លូវត្រង់ចំណុចព្រំប្រទល់ រវាងភូមិខ្លំ និងភូមិអន្លង់ចក ក្នុងភូមិអន្លង់ចក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ត្រូវបានអាជ្ញាធរ ធ្វើការសម្របសម្រួល ដោះស្រាយបញ្ចប់។

-សូមជម្រាបថាៈ ទំនាស់ដីផ្លូវ១ខ្សែនេះភាគីម្ខាងគឺលោក នួន ខេមរា និងប្រពន្ធឈ្មោះ ប៊ុន មុំ នៅភូមិអន្លង់ចក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែកដែលមានផ្ទះនិងដី នៅខាងជើង ជាប់ផ្លូវតែម្ដង!។
-រីភាគីម្ខាងទៀត ជាប្រជាពលរដ្ឋជិត១០០គ្រួសារ ដែលមានលោក វ៉ាន់ អង នៅភូមិខ្លំ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ជាអ្នកតំណាង៕

Leave a Reply

Your email address will not be published. Required fields are marked *