(ព្រៃវែង)៖ ផ្ទះក្បឿង១ខ្នងទំហំ៨ម៉ែត្រ គុណ៨ម៉ែត្រ ធ្វើពីឈើជញ្ជាំងស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដោយសារតែម្ចាស់ផ្ទះ អុចធូបសែនថ្ងៃសីល ហើយដើរចោលអត់នៅចាំមើល ។
អគ្គិភ័យនេះ បានឆាបឆេះ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ មីនា ឆ្នាំ២០២៣ នៅចំណុចភូមិព្រៃខ្លាទី១ ក្នុងឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
សមត្ថកិច្ចស្រុកស្វាយអន្ទរ បានឱ្យដឹងថាៈ ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះឈ្មោះ វេង ស្រេង ភេទស្រី អាយុ៥១ឆ្នាំ រស់នៅជាមួយចៅតូចម្នាក់ ក្នុងបន្ទុក។
ស្ត្រីជាម្ចាស់ផ្ទះ បានប្រាប់ថាៈ នៅមុនពេលកើតហេតុ គាត់បានរៀបចំផ្លែឈើនំចំណីដាក់សែននៅលើផ្ទះព្រោះថ្ងៃនេះជាថ្ងៃសីល ដែលគាត់តែធ្វើជាប្រចាំ។
ក្រោយពីរៀបចំនំចំណីរួច គាត់ក៏អុចធូបសែនដូចធម្មតា រួចហើយក៏នាំចៅចុះពីផ្ទះ ដើរទៅអង្គុយលេងផ្ទះអ្នកជិតខាង នៅខាងមុខ ។
លុះមួយសន្ទុះក្រោយមក ក៏ឃើញមានផ្សែងខ្មៅខ្មូលខ្មាញ់នៅលើមេឃច្រើន ហើយឃើញក្មេងៗផ្អើលឈូឆរ មិនដឹងមានរឿងអី ។
ដល់ពេលសម្លឹងមើលទៅផ្ទះខ្លួនឯង ក៏ស្រាប់តែឃើញភ្លើងឆេះ ពេញបន្ទុកទៅហើយ ។
ទើបនាំគ្នាស្រែកឆោឡោឡើង អ្នកខ្លះនាំគ្នាយកទឹកទៅជួយយពន្លត់ ហើយខ្លះទៀតទាក់ទងទៅសមត្ថកិច្ច ហៅឡានទឹកមកជួយ ប៉ុន្តែទំរាំឡានទឹកមកដល់ភ្លើងឆេះផ្ទះអស់ទៅហើយ។
លោកវរសេនីយ៍ឯក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ បានអោយដឹងថាៈ ពេលទទួលបានដំណឹងភ្លាម។
លោកបានបញ្ជាអោយរថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុក ចេញទៅជួយអន្តរាគមន៍ភ្លាមៗ ។
តែពេលទៅដល់ភ្លើងឆេះពេញបន្ទុកទៅហើយ ទើបឡានទឹកមិនអាចជួយស្រោចស្រង់ផ្ទះនោះបាន ។
គឺបានត្រឹមបាញ់ទឹកបញ្ឈប់ភ្លើងមិនអោយឆេះរាលដាលទៅផ្ទះអ្នកស្រុកដែលនៅជិតនោះប៉ុណ្ណោះ ។
លោកអធិការបញ្ជាក់ថា កំលាំងនគរបាលស្រុក បានប្រើប្រាស់ទឹកអស់១ឡាន និងប្រើរយៈពេលកន្លះម៉ោង ទើបអាចពន្លត់ភ្លើងបានជាស្ថាពរ។
ហើយតាមការបញ្ជាក់របស់ម្ចាស់ផ្ទះ អគ្គិភ័យនេះបានខូចខាតអស់អង្ករ៣បេ ស្រូវ២បេ និងសម្ភារមួយចំនួនទៀតដែលសរុបជាតម្លៃអស់ប្រហែល៥០០០ដុល្លារ ។
តែទោះយ៉ាងណាអគ្គិភ័យនេះ មិនបានបណ្តាលអោយមាននរណាម្នាក់រងគ្រោះឡើយ៕