អ៊ុយក្រែន បញ្ជាឱ្យកងទ័ពដែលសេសសល់ ដាក់អាវុធចុះក្នុងសមរភូមិការពារក្រុងកំពង់ផែMariupol!

អ៊ុយក្រែននៅថ្ងៃទី២០ ខែឧសភា បានបញ្ជាឱ្យកងទ័ពចុងក្រោយរបស់ខ្លួនដែលជាប់គាំងនៅក្នុងរោងចក្រដែកអាសូវស្ទាល់(Azovstal) ក្នុងទីក្រុងម៉ារូផូល (Mariupol) ដាក់អាវុធចុះ ខណៈរុស្ស៊ីបាននិយាយថា ប្រតិបត្តិការរយៈពេលជាច្រើនខែរបស់ខ្លួនដើម្បីដណ្តើមយកទីក្រុងកំពង់ផែយុទ្ធសាស្ត្រឥឡូវនេះបានបញ្ចប់ហើយ។

ខណៈកងកម្លាំងអ៊ុយក្រែនបានទប់ទល់នឹងការវាយលុករបស់រុស្ស៊ីនៅជុំវិញទីក្រុងកៀវ (Kyiv) ដែលត្រូវបានជួយដោយការបញ្ជូលអាវុធរបស់លោកខាងលិចជាបន្តបន្ទាប់ យ៉ាងណាទាំងភាគខាងកើតអ៊ុយក្រែន និងទីក្រុង ម៉ារូផូលនៅភាគខាងត្បូងបានទទួលរងនូវការវាយប្រហារដោយកងទ័ពជើងគោក និងកងកាំភ្លើងធំយ៉ាងក្លាវក្លាបំផុត។

អ្នកនាំពាក្យក្រសួងការពារជាតិអ៊ុយក្រែន លោក អូឡាកសានដ៍ មូធូយ៉ាន (Oleksandr Motuzyanyk) បានប្រាប់អ្នកយកព័ត៌មានថា «កងកម្លាំងកាន់កាប់របស់រុស្ស៊ី កំពុងធ្វើការបាញ់ប្រហារយ៉ាងខ្លាំងក្លា នៅតាមខ្សែបន្ទាត់ ហើយព្យាយាមបាញ់កាំភ្លើងធំចូលជ្រៅទៅលើខែលការពាររបស់កងទ័ពអ៊ុយក្រែន»។

ទីក្រុងមូស្គូកាលពីថ្ងៃសុក្រ បាននិយាយថាការប្រយុទ្ធវាយដណ្ដើមយករោងចក្រស្លរដែកអាសូវស្ទាល់ (Azovstal) ដែលជានិមិត្តសញ្ញានៃការតស៊ូរបស់អ៊ុយក្រែន ចាប់តាំងពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីនបានចាប់ផ្តើមការលុកលុយនៅថ្ងៃទី ២៤ ខែកុម្ភៈ។ ឥឡូវនេះបានបញ្ចប់ហើយ។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenko) បាននិយាយថា ទ័ពអ៊ុយក្រែន ២៤៣៩ នាក់ បានចុះចាញ់រោងចក្រស្លរដែកអាសូវស្ទាល់ (Azovstal) ចាប់តាំងពីថ្ងៃទី ១៦ ខែឧសភា។ ទ័ពចំនួន ៥០០ នាក់ ចុះចាញ់ចុងក្រោយនៅថ្ងៃសុក្រ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានជូនដំណឹងដល់លោកពូទីនអំពីការបញ្ចប់នៃប្រតិបត្តិការ និងការរំដោះពេញលេញនៃបរិវេណឧស្សាហកម្ម អាសូវស្ទាល់និងទីក្រុងម៉ារូផូល។ លោក កូណាសានគូ បានបន្ថែមបែបនេះ៕

Leave a Reply

Your email address will not be published.