លោក ស្បោង សារ៉ាត ដឹកនាំសកម្មជនឃោសនា រកសំឡេងឆ្នោតនៅខេត្តព្រៃវែង!

(ព្រៃវែង)៖ ព្រឹកថ្ងៃ២១ ឧសភា ឆ្នាំ២០២២ ជាថ្ងៃដែលកម្ពុជាបាន រៀបចំយុទ្ធនាការឃោសនារកសំឡេង ឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។

ក្នុងនោះលោក ស្បោង សារ៉ាត ប្រធានគណៈកម្មការ គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានដឹកនាំសកម្មជន ឃោសនា រកសំឡេងឆ្នោត។

ដោយបានលើកឡើងថាៈ គណបក្សបានត្រៀមរួចជាស្រេចហើយ នៅតាមគោលដៅមូលដ្ឋាននៅទូទាំងប្រទេស ដោយអនុវត្តទៅតាមសេចក្តីណែនាំរបស់គ.ជ.ប។

លោក បន្តថា គណៈកម្មាធិការគណបក្សខេត្ត បានស្នើសុំទៅគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត ដើម្បីរៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្នាក់ខេត្ត និងតាមបណ្ដាឃុំសង្កាត់ទាំង ១១៦ ឃុំ សង្កាត់ នៅទូទាំងខេត្តនាព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២២ នេះព្រមៗគ្នា។

ក្នុងនោះដែរលោក សន្តិបណ្ឌិត នេត សាវឿន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ។
បានមានប្រសាសន៍ថា ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន​ សែន​ ប្រធាន​គណបក្សប្រជាជនកម្ពុជា​បានសម្រេចជោគជ័យដ៏ធំធេងលើគ្រប់វិស័យ នាពេលនេះ ។
គឺដោយសារគណបក្សប្រជាជនកម្ពុជា មានគោលដៅចម្បងក្នុងការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំ និងជម្រុញការកសាង អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យប្រកបដោយនិរន្តរភាព ដើមី្បថែរក្សាការពាររាល់សមទ្ធិផលនៃសង្គមជាតិឲ្យបានគង់វង្ស។

សូមបញ្ជាក់ផងដែរថាៈ ក្នុងការហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥នេះ បានប្រព្រឹត្តទៅនៅតាមដែនរដ្ឋបាលឃុំ សង្កាត់របស់ខ្លួនយ៉ាងអធឹកអធម តាមរថយន្តតូច ធំ ម៉ូតូ និងម៉ូតូរុឺម៉ក់ ជាច្រើនគ្រឿង ដោយមានការលាយឡំទៅនឹងសម្លេងឧឃោសនសព្ទ័ និងសម្រែកជ័យឃោសប្រកបទៅដោយខ្លឹមសារអត្ថន័យនៃគោលនយោបាយរបស់គណបក្ស។

លោកសន្តិបណ្ឌិត បានប្រកាសបើក យុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិទី ៥ ឆ្នាំ២០២២ នេះតទៅ៕សហការី

Leave a Reply

Your email address will not be published.