ករណីទំនាស់រវាងលោកផ្កាយ២ ផេង វណ្ណា និងលោក អ៊ុក រដ្ឋា ត្រូវបានដោះស្រាយបញ្ចប់ក្រៅប្រព័ន្ធតុលាការ!

(កណ្តាល)៖ បញ្ហាវិវាទដីធ្លី រវាងលោកឧត្ដមសេនីយ៍ទោ ផេង វណ្ណា អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ក្រសួងមហាផ្ទៃ និងលោក អ៊ុក រដ្ឋា អគ្គនាយកក្រុមហ៊ុនមហារដ្ឋាត្រឌីង ត្រូវបានដោះស្រាយបញ្ចប់ ឈប់ប្ដឹងផ្ដល់ក្រៅប្រព័ន្ធតុលាការហើយ!។

ដំណោះស្រាយនេះ បានធ្វើឡើងនៅក្នុង ភោជនីយដ្ឋានផ្ទះទឹក នាមាត់ទន្លេ ភូមិអញ្ជែង ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីថ្ងៃទី២០.០៥.២០២២ ដោយមានការសម្របសម្រួល ពីលោកឧត្ដមសេនីយ៍ឯក សៅ វាសនា នាយនគរបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ។

ក្នុងពេលនោះភាគីទាំង២ បានជួបគ្នា ដើម្បីដោះស្រាយ និងយល់ព្រមធ្វើលិខិត បញ្ចប់វិវាទក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ។

ខណៈភាគីលោក ផេង វណ្ណា យល់ព្រមដកពាក្យឈប់ប្ដឹងលោក អ៊ុក រដ្ឋា និងបញ្ចប់នូវនីតិវិធីប្តឹងផ្សេងៗពីគ្រប់ស្ថាប័នទាំងអស់! ។

ចំណែកលោក អ៊ុក រដ្ឋា វិញយល់ព្រមសុំទោសលោក ផេង វណ្ណា ជាសាធារណៈ នូវការផ្ដល់ព័ត៌មានទៅអ្នកសារព័ត៌មាន ។
ដែលធ្វើឲ្យមានការយល់ច្រឡំ ព័ត៌មានមិនពិត នាពេលកន្លងមក និងមានលក្ខខណ្ឌមួយចំនួនទៀត ដែលភាគីទាំង២ ត្រូវបំពេញឲ្យគ្នាទៅវិញ ទៅមក ដើម្បីស្នាមញញឹម រស់ក្រោមដំបូលសន្តិភាពតែមួយ!។

ក្រោយពីបញ្ជប់ភាគីទាំងពីរ នឹងបំពេញកាតព្វកិច្ច ដែលបានធ្វើជាមួយគ្នាក្នុងលិខិតសះជា និង បន្តរាប់អានគ្នាដោយស្នាមញញឹមផងដែរ។

សូមជម្រាបថាៈ រឿងរ៉ាវទំនាស់មួយនេះផ្ដើមចេញពីការទិញលក់ដីធ្លី ដោយលោក អ៊ុក រដ្ឋា ជាអ្នកលក់ដីឱ្យលោក ផេង វណ្ណា ប៉ុន្តែផ្ទេរកម្មសិទ្ធរួចរាល់ហើយ ស្រាប់តែបាត់ទំហំដី”ខ្វះទំហំ”។

ក្នុងនោះលោក ផេង វណ្ណា ក៍បានប្ដឹងលោក អ៊ុក រដ្ឋា ទៅតុលាការព្រហ្មទណ្ឌពីបទ”ឆបោក”ហើយបណ្ដឹងនោះ ដំបូងត្រូវអយ្យការអមសាលាដំបូងខេត្តកណ្ដាល សម្រេចតម្កល់ទុកឥចាត់ការ។

លុះលោក ផេង វណ្ណា ប្ដឹងបន្តទៅមហាអយ្យការអមសាលាឧទ្ទរណ៍ភ្នំពេញ ។
មហាអយ្យការ ក៍បានចោទប្រកាន់លោក អ៊ុក រដ្ឋា ដើម្បីឱ្យចៅក្រមស៊ើបសួរ ចាត់ការបន្ត ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ.១៣២.អ.ក.ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ របស់អយ្យការអមសាលាដំបូងខេត្តកណ្ដាល.ដែលមានចៅក្រមស៊ើបសួរ ស៊ូ បញ្ញា កំពុងអនុវត្តនីតិវិធី។

ទន្ទឹមនិងនោះលោក អ៊ុក រដ្ឋា បានប្ដឹងសុំកិច្ចអន្តរាគមន៍ ទៅថ្នាក់ដឹកនាំ ឱ្យតុលាការទម្លាក់បទចោទ ។
ដើម្បីមកដោះស្រាយក្រៅប្រព័ន្ធតុលាការ ក្រោមហេតុផលថាៈ«នេះជារឿងរដ្ឋប្បវេណីទំនាស់ដីធ្លីទេ»។

ទោះជាយ៉ាងណាក្ដី ទំនាស់មួយនេះត្រូវបានបញ្ចប់ដោយលោក អ៊ុក រដ្ឋា ធ្វើលិខិតសូមទោសជាសាធារណៈ និងត្រូវបំពេញកាតព្វកិច្ច ទូទាត់ប្រាក់ជូនលោក ផេង វណ្ណា ចំពោះទំហំដី ដែលខ្វះនិងជាន់គ្នា៕ដើមរាំង

Leave a Reply

Your email address will not be published.