ក្រសួងការបរទេសរបស់ប្រទេសចិន បានសម្តែងការសោកស្តាយ ចំពោះប៉េងប៉ោង ឬបាឡុង ស៊ីវិល ដែលបានហោះវង្វេងចូល ដែនអាកាសសហរដ្ឋអាមេរិក ។
បណ្ដាលឱ្យ ដំណើរទស្សនកិច្ចរបស់អាមេរិក មកកាន់ទីក្រុងប៉េកាំង ត្រូវបានពន្យារពេល ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រ ក្រសួងការបរទេសចិនបាននិយាយថាៈ ប៉េងប៉ោងដែលត្រូវបានសង្ស័យដោយសហរដ្ឋអាមេរិកថា ជាអ្នកឃ្លាំមើលចារកម្ម គឺជា “នាវាអាកាស” ស៊ីវិលដែលត្រូវបានប្រើប្រាស់សម្រាប់ការស្រាវជ្រាវ ភាគច្រើនសម្រាប់គោលបំណងឧតុនិយមតែប៉ុណ្ណោះ ។
ខណៈដែលបាឡុងហោះ បានប្រតិបត្តិការដោយស្វ័យប្រវត្តិ និង “បានវង្វេងឆ្ងាយពីផ្លូវដែលបានគ្រោងទុក” ដោយសារតែកម្លាំងខ្យល់បក់។
ប៉ុន្តែៈ មន្ទីរបញ្ចកោណ បាននិយាយមុននេះថា ខ្លួនកំពុង “តាមដានបាឡុង ឃ្លាំមើលរយៈកម្ពស់ខ្ពស់” នឹងបានសម្រេចចិត្តមិនបាញ់ទម្លាក់ប៉េងប៉ោងនោះឡើយ ព្រោះបារម្ភថានឹងបង្កគ្រោះថ្នាក់ដល់មនុស្សនៅលើដី។
រដ្ឋបាល Biden បានប្រកាសនៅពេលក្រោយនៅថ្ងៃសុក្រថាៈ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ។
ដែលត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងប៉េកាំង នៅចុងសប្តាហ៍នេះ នឹងពន្យារពេលការធ្វើដំណើរជុំវិញអ្វីដែលទីក្រុងវ៉ាស៊ីនតោនហៅថា ឧប្បត្តិហេតុប៉េងប៉ោងមិនទទួលខុសត្រូវ។
គួរជម្រាបថាៈ លោក Blinken នឹងក្លាយជាសមាជិកជាន់ខ្ពស់នៃរដ្ឋបាលប្រធានាធិបតី Joe Biden ។
ដើម្បីធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងបេសកកម្មកាត់បន្ថយការធ្លាក់ចុះយ៉ាងខ្លាំងនៃទំនាក់ទំនងរវាងប្រទេស ចំពេលមានជម្លោះពាណិជ្ជកម្ម និងការព្រួយបារម្ភអំពីជំហរដ៏ខ្លាំងក្លារបស់ទីក្រុងប៉េកាំងចំពោះតៃវ៉ាន់ និងនៅសមុទ្រចិនខាងត្បូង៕