(តាកែវ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន បានលើកឡើងថាៈ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកទទួលវ៉ាក់សាំងកូវីដ១៩ បានគ្រប់ដូស ចាប់ពីដូសមូលដ្ឋាន ដល់ដូសទី៦ ស្មើនឹង មានរនាំង កងការពារដ៏រឹងមាំពីការឆ្លងជំងឺកូវីដ១៩ កុំឱ្យធ្ងន់ធ្ងរ។
លោកស្រី ឱ វណ្ណឌីន បានថ្លែងបែបនេះក្នុងឱកាសដែលលោកស្រី អញ្ជើញចុះទស្សនកិច្ច ការចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមរោងចក្រ សាលារៀន ផ្សារ និងនៅតាមសហគមន៍ រយៈពេល២ថ្ងៃ ក្នុងខេត្តតាកែវ ។
ក្នុងនោះលោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍បន្តថាៈ ជំងឺកូវីដ១៩ វាមិនទាន់រលាយបាត់ពីភពផែនដីយើងនៅឡើយទេ ។
ពោលវានៅតែឆ្លងរីករាលដាលជាខ្លាំងនៅបណ្ដាប្រទេសផ្សេងៗជុំវិញពិភពលោក ពិសេសនៅក្នុងប្រទេសកម្ពុជារបស់យើងនៅតែមានការឆ្លងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្ដែការឆ្លងវាមានកម្រិតទាប។
ទោះបីជាយ៉ាងណាយើង កុំមានការធ្វេសប្រហែសអោយសោះ ត្រូវមានការប្រុងប្រយ័ត្នជានិច្ចចំពោះជំងឺកូវីដ១៩នេះ ពិសេសជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ។
វាងាយឆ្លងលឿនណាស់ បើសិនយើងមិនបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ទេវាអាចបណ្ដាលអោយមានគ្រោះថ្នាក់។
លោកស្រីបញ្ជាក់ថាៈ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ១៩បាន គប្បីយើងម្នាក់ៗត្រូវមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ។
អោយបានគ្រប់ដូស តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ពិសេសត្រូវចូលរួមអនុវត្តវិធានការ៣កុំ និង៣ការពារ និងវិធានការដទៃទៀតរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ ពោលត្រូវមានអនាម័យខ្លួនប្រាណជាប្រចាំ ព្រោះកត្តាអនាម័យនេះសំខាន់ណាស់សំរាប់សុខភាព និងការពារបានពីការឆ្លងពីជំងឺកូវីដ១៩ និងជំងឺដទៃទៀតបាន៕