fbpx

អាជ្ញាធរជាតិអប្សរាៈ ពង្រឹងទិសដៅទស្សនា នៅតាមប្រាសាទក្នុងឧទ្យានអង្គរ!

(សៀមរៀប)៖ កាលពីរសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា បានលើកឡើងថាៈ ខ្លួននឹងរៀបចំសណ្តាប់ធ្នាប់ ទេសចរណ៍នៅតាមប្រាសាទជាការងារអាទិភាពមួយ ដែលអាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ជាប្រចាំ ។

ដើម្បីធានាដល់ការលើកតម្លៃបេតិកភណ្ឌ ការថែរក្សាសណ្តាប់ធ្នាប់ និងបញ្ចៀសរាល់ការកកស្ទះ និងហានិភ័យផ្សេងៗចំពោះប្រាង្គប្រាសាទ ក៏ដូចជាភ្ញៀវទេសចរចូលទស្សនាប្រាង្គប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។

ក្រុមអ្នកបច្ចេកទេស នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ កំពុងយកចិត្តទុកដាក់ពង្រឹងការងាររៀបចំទិសដៅទស្សនានៅតាម ប្រាសាទនានា ដោយធ្វើការដាក់បង្ហាញស្លាកព័ត៌មានទូទៅ ស្លាកសញ្ញាបង្ហាញទិសសម្រាប់ដើរទស្សនា និងស្លាកសញ្ញាហាមឃាត់ និងស្លាកសញ្ញាពាក់ព័ន្ធដទៃទៀតនៅតាមបណ្តាទីតាំងសំខាន់ៗមួយចំនួនក្នុងបរិវេណប្រាសាទ។

ដោយសារប្រាង្គប្រាសាទបុរាណទាំងអស់សុទ្ធតែ មានអាយុកាលរាប់ពាន់ឆ្នាំមកហើយ មានកន្លែងខ្លះត្រូវបាក់ បែកខូច កន្លែងខ្លះសឹករអិល។

ពិសេសនៅតាមជណ្តើរឡើង-ចុះដែលមានសភាពចោតខ្លាំង ក្រុមការងារបានធ្វើកម្រាលក្តារ និងជណ្តើរឈើជំនួស ដើម្បីសម្រួលដល់ការធ្វើដំណើរចូលទស្សនារបស់ភ្ញៀវប្រកបដោយសុវត្ថិភាព។

អាជ្ញាធរជាតិអប្សរាៈ សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ ដែលចូលមកទស្សនាប្រាង្គប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ។
សូមមេត្តាគោរពនូវក្រមប្រត្តិបត្តអង្គរ និងស្លាកសញ្ញាផ្សេងៗនៅតាមប្រាសាទ ដើម្បីធានាបាននូវសុខសុវត្ថិភាព សេចក្តីថ្លៃថ្នូ៕

Leave a Reply

Your email address will not be published. Required fields are marked *