ក្រុម Hacker កូរ៉េខាងជើងៈ បាននៅពីក្រោយការលួចទ្រព្យសម្បត្តិ ឌីជីថលតម្លៃ ១០០ លានដុល្លារ ពីក្រុមហ៊ុនគ្រីបតូ របស់សហរដ្ឋអាមេរិក កាលពីឆ្នាំមុន នេះបើយោងតាមការអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកៈ។
ការិយាល័យស៊ើបអង្កេត សហព័ន្ធ (FBI) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថាៈ ក្រុមលួចចូលរបស់កូរ៉េខាងជើង Lazarus Group និង APT38 បានអនុវត្តការលួចលាក់តាមអ៊ីនធឺណិត លើក្រុមហ៊ុនគ្រីបតូ Harmony កាលពីខែមិថុនាឆ្នាំមុន។
FBI បាននិយាយថា Cyber Actor របស់កូរ៉េខាងជើង កាលពីដើមខែនេះ បានប្រើប្រាស់ពិធីការឯកជនភាព Railgun លួចលុយពី Ethereum មានតម្លៃជាង 60លានដុល្លារ និងបានបញ្ជូនទៅអ្នកផ្តល់សេវា ទ្រព្យសកម្មនិម្មិតមួយចំនួន ហើយបានបំប្លែងទៅជា Bitcoin ។
ក្រុមហ៊ុន Harmony ដែលមានទីស្នាក់ការកណ្តាលនៅរដ្ឋកាលីហ្វ័រញ៉ាបានប្រកាសកាលពីខែមិថុនាថាៈ ពួក Hacker បានលួចលុយឌីជីថលចំនួន 100 លានដុល្លារពី Horizon Bridge ។
ដែលជាស្ពាន blockchain ដែលគេហៅថាប្រើ ដើម្បីផ្លាស់ទីរូបិយប័ណ្ណគ្រីបតូរវាងបណ្តាញ blockchain ផ្សេងៗគ្នា។
ទីភ្នាក់ងារចារកម្ម របស់ប្រទេសកូរ៉េខាងត្បូងៈ បាននិយាយកាលពីខែធ្នូថា ពួក Hacker កូរ៉េខាងជើង បានលួចទ្រព្យសម្បត្តិនិម្មិតចំនួន 1.5 ពាន់ពាន់លានវ៉ុន (1.2 ពាន់លានដុល្លារ) ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ រួមទាំង 800 ពាន់លានវ៉ុនរបស់កូរ៉េខាងត្បូង (650.5 លានដុល្លារ) ក្នុងឆ្នាំ 2022។
ដោយឡែក កាលពីខែមុន អង្គភាពប្រឆាំងការលួចចូលរបស់ Google បាននិយាយថាៈ ពួក Hacker កូរ៉េខាងជើង បានកេងប្រវ័ញ្ចលើហ្វូងមនុស្សក្នុងពិធីបុណ្យ Halloween របស់ប្រទេសកូរ៉េខាងត្បូង ។
ដើម្បីកំណត់គោលដៅអ្នកប្រើប្រាស់អ៊ីនធឺណិត ជាមួយនឹងមេរោគ ដែលបង្កប់នៅក្នុងឯកសារ ដែលក្លែងបន្លំមើលទៅដូចរបាយការណ៍របស់រដ្ឋាភិបាលកូរ៉េខាងត្បូង។
ទោះជាយ៉ាងណា FBI នឹងបន្តលាតត្រដាង និងប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់សកម្មភាពខុសច្បាប់របស់កូរ៉េខាងជើង ។
រួមទាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការលួចរូបិយប័ណ្ណនិម្មិត ដើម្បីបង្កើតប្រាក់ចំណូលសម្រាប់របបនេះ” ដោយសំដៅទៅលើអក្សរកាត់នៃឈ្មោះផ្លូវការរបស់ប្រទេសគឺ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។
គួរជម្រាបថាៈ ប្រទេសកូរ៉េខាងជើង ដែលគ្រប់គ្រងដោយមេដឹកនាំផ្តាច់ការ គីម ជុង អ៊ុន បានចោទប្រកាន់ដោយមន្ត្រីសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ ពីបទៈ រៀបចំយុទ្ធនាការកើនឡើងនៃការលួចតាមអ៊ីនធឺណិត ។
ដើម្បីផ្តល់មូលនិធិដល់សកម្មភាពរបស់ខ្លួន រួមទាំងការអភិវឌ្ឍន៍មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ និងអាវុធនុយក្លេអ៊ែរ។
កូរ៉េខាងជើង ដែលជាធម្មតាមិនចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានបដិសេធ មិនធ្វើការវាយប្រហារតាមអ៊ីនធឺណិតនៅបរទេស ។
ហើយបានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថា “ផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនល្អ” ៕