(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានដំណឹងអកុសល ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។
បណ្តាលឲ្យ ឪពុកម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បាត់បង់ជីវិតទាំងពីរនាក់ ។
គេសង្កេតឃើញតារាចម្រៀង.តារាសម្តែង.អ្នកសិល្បៈដែលធ្លាប់ស្គាល់តារាចម្រៀង សុវត្ថិឌី ធារិកា និងមហាជនទូទៅ បានសម្តែងក្តីតក់ស្លុត រន្ធត់ចិត្ត និងបានចូលរួមរំលែកទុក្ខ។
សូមជម្រាបថា៖ រថយន្ដរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ដោយខ្លួនឯង ។
បណ្ដាលឲ្យស្លាប់ឪពុក និងម្ដាយ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅស្រុកឆែប ខេត្តព្រះវិហារ ។
ក្រោយត្រឡប់មកពីចូលរួមកម្មវិធីសម្ពោធ និងសំណង់សិល្បការផ្សេងៗ នៅស្រុកឆែប ខេត្តព្រះវិហារ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយកើតហេតុភ្លាមៗកម្លាំងនគរបាលមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ផងដែរ ។
ប៉ុន្តែជាអកុសលជួយមិនទាន់ដោយសារជនរងគ្រោះ ក្រឡាប់ចូលប្រឡាយទឹកនៅជាប់ផ្លូវបណ្តាល ឲ្យឈ្លក់ស្លាប់តែម្តង។
លោកវរសេនីយ៍ឯក ឈួរ ម៉ាឌី អធិការនគរបាលស្រុកឆែប បានបញ្ជាក់ថា៖ ហេតុការណ៍នេះ គឺរថយន្ដក្រឡាប់ធ្លាក់ទឹកដោយខ្លួនឯង ហើយជនរងគ្រោះដែលស្លាប់ទំនងជាឈ្លក់ទឹក ដែលមិនអាចសង្គ្រោះបានទាន់ពេលវេលា។
តាមរយៈ Facebook របស់តារាចម្រៀង សុវត្ថិឌី ធារិកា បានឲ្យដឹងថា៖ កាលពីព្រឹកមិញនេះ រូបនាងបានទៅចូលរួមកម្មវិធីសម្ពោធ និងសំណង់សិល្បការផ្សេងៗ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ លុះត្រឡប់មកវិញ ក៏បានជួបនូវហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះតែម្ដងទៅ៕សហការី