(ភ្នំពេញ)៖ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។
លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និង ដឹកជញ្ជូន និងជាប្រធានក្រុមការងារសិក្សា និងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ និងមន្ត្រីជាន់ខ្ពស់ដែលជាសមាជិក សមាជិកានៃក្រុមការងារសិក្សា និងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
អង្គប្រជុំ បានពិភាក្សាផ្លាស់ប្តូរយោបល់លើការកែសម្រួលពាក្យពេចន៍ ឃ្លាឃ្លោង ក្នុងមាត្រាមួយចំនួន និងការកំណត់និយមន័យនៃវាក្យស័ព្ទ ដែលប្រើប្រាស់ក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ ។
សំដៅរៀបចំឱ្យបានរួចរាល់សព្វគ្រប់ និងមានអត្ថន័យគ្រប់ជ្រុងជ្រោយ យោងតាមស្មារតីអង្គប្រជុំ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) ដែលបានលើកឡើងក្នុងអង្គប្រជុំកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។
សូមជម្រាបជូនដែរថា៖ បន្ទាប់ពីកិច្ចប្រជុំនេះ ក្រុមការងារសិក្សា និងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នឹងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ ដាក់ជូនក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការ គណៈរដ្ឋមន្ត្រីស្នើសុំការពិនិត្យផ្ទៀងផ្ទាត់បន្ថែម មុននឹងបន្តនីតិវិធីដាក់ជូនទៅគណៈរដ្ឋមន្ត្រី រដ្ឋសភា និងព្រឹទ្ធសភា ដើម្បីឆ្លងការឯកភាព និងអនុម័ត៕