គម្រោងស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះនិងផ្លូវតភ្ជាប់ មានប្រវែង៣៣.៤៥គីឡូម៉ែត្រ!

(ភ្នំពេញ)៖ ស្ពានឆ្លងទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់ នឹងប្រកាសបើកការដ្ឋានសាងសង់ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ ។
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថាៈ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់នេះមានប្រវែងសរុបប្រមាណ ៣៣,៤៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ។
ទៅផ្លូវជាតិលេខ៦០B ដែលនឹងត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងមានផ្លូវតភ្ជាប់ទៅក្រុងក្រចេះមានប្រវែងប្រមាណ ៣១,៦៩គីឡូម៉ែត្រ។

គម្រោងនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់ សៀងហៃ ដែលគ្រោងនឹងចំណាយពេលវេលាប្រមាណ ៤២ខែ ដើម្បីបញ្ចប់ការសាងសង់ឱ្យរួចរាល់។

ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះជាផ្នែកមួយនៃផ្លូវជាតិលេខ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦ លេខ៧ លេខ៧១ និងលេខ៧៣ ដែលបន្ទាប់ពីសាងសង់រួចនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទបានកាន់តែលឿនទៅកាន់ទីផ្សារ៕

Leave a Reply

Your email address will not be published. Required fields are marked *