ក្រសួងសាធារណការ.រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍ណែនាំលើការៀបចំថវិកា សមិទ្ធកម្មដល់មន្ត្រីគ្រប់អង្គភាពថវិកា!

(សៀមរាប)៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោក ស៊ឹង សុគង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរដ្ឋលេខាធិការ សួង ហេង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការរៀបចំថវិកាសមិទ្ធកម្ម ។
ដោយមានការចូលរួមពីមន្ត្រីអង្គភាពថវិកាថ្នាក់កណ្តាល និងអង្គភាពថវិកាថ្នាក់ក្រោមជាតិសរុបប្រមាណ១៥០នាក់។

ថ្លែងក្នុងមតិស្វាគមន៍ទៅកាន់អង្គពិធីនាឱកាសនោះ លោក សឿន ប៊ុនលី អគ្គនាយកផែនការ និង គោលនយោបាយ បានជម្រាបជូនអំពីគោលបំណងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ។


ដោយផ្ដោត សំខាន់ទៅលើការបញ្រ្ជាបការយល់ដឹង និងបណ្ដុះបណ្ដាលដល់គ្រប់អង្គភាពថវិកាក្រោមឱវាទក្រសួង សាធារណការ និងដឹកជញ្ជូនទាំងអស់ ឱ្យយល់ច្បាស់អំពីការរៀបចំផែនការថវិកា និងសូចនាករឱ្យត្រឹមត្រូវ ទៅតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី៤ ស្ដីអំពីគណនេយ្យភាពសមិទ្ធកម្ម៖ ការគ្រប់គ្រង និងវាយតម្លៃលទ្ធផល និងសមិទ្ធផល។

ថ្លែងក្នុងកម្មវិធីបើក លោកអនុរដ្ឋលេខាធិការ បានបង្ហាញការគ្រាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំ វគ្គបណ្ដុះបណ្ដាលនេះ និងសង្ឃឹមយ៉ាងមុតមាំថា៖ សិក្ខាកាមទាំងអស់ នឹងចូលរួមយ៉ាងផុសផុលក្នុងការ សិក្សាស្វែងយល់អំពីការរៀបចំផែនការថវិកាឱ្យស្របតាមគោលការណ៍ណែនាំស្ដីពីការៀបចំថវិកាសមិទ្ធ កម្មរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាដើម្បីទទួលបាននូវចំណេះដឹងថ្មីបន្ថែមទៀតសម្រាប់យកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ សមស្របទៅតាមនីតិវិធី ដើម្បីប្រសិទ្ធភាពការងារខ្ពស់ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀតនៅក្នុងអង្គភាពរបស់ខ្លួន។

សូមបញ្ជាក់ជូនថា៖ កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវ បានកំណត់ជា៤ដំណាក់កាល៖ រួមមាន៖ ដំណាក់កាលទី១៖ ការបង្កើនភាពជឿទុកចិត្តនៃថវិកា (២០០៤ -២០០៨) ដំណាក់កាលទី២៖ ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ (២០០៩-២០១៥) ដំណាក់កាលទី៣៖ «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ (២០១៦-២០២០) និងដំណាក់កាលទី៤៖ ការបង្កើនគណនេយ្យភាពសមិទ្ធកម្ម (២០២១-២០២៥)៕សហការី

Leave a Reply

Your email address will not be published.