អាជ្ញាធរឥណ្ឌូណេស៊ីបានឱ្យដឹងថាៈ នៅថ្ងៃពុធនេះ យ៉ាងហោចណាស់ មនុស្ស ២នាក់បានស្លាប់ និង៨នាក់ផ្សេងទៀតរងរបួស ក្នុងទីក្រុងបានឌុង (Bandung) នៃខេត្តជ្វាខាងលិច (West Java) ។
បន្ទាប់ពីបុរសម្នាក់ដែលសង្ស័យ ជាសមាជិកក្រុមសកម្មប្រយុទ្ធ បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង នៅស្ថានីយប៉ូលិសមួយកន្លែង ក្នុងប្រទេសឥណ្ឌូណេសុី។
លោក អាម៉ាត់ រ៉ាម៉ាដាន Ahmad Ramadhan ប្រធានការិយាល័យព័ត៌មាន នៃស្នងការប៉ូលិសជាតិឥណ្ឌូណេស៉ី បាននិយាយថា៖ អាជ្ញាធរពាក់ព័ន្ធកំពុងសហការគ្នា ជាមួយ កងកម្លាំងជំនាញផ្នែកប្រឆាំងអំពើភេរវកម្ម ។
ដើម្បីស៉ើបអង្កេតជុំវិញករណីខាងលើ ដែលបានផ្តាច់ជីវិតមន្រ្តីប៉ូលិសម្នាក់ ព្រមទាំងជនសង្ស័យ។
លោក អ៊ីបនូ ស៊ូហិនដ្រា Ibnu Suhendra នៃទីភ្នាក់ងារប្រឆាំងភេរវកម្ម BNPT របស់ឥណ្ឌូណេស៊ី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Metro TV ថាៈ ក្រុមសកម្មប្រយុទ្ធ JAD ដែលទទួលឥទ្ធិពលពីក្រុមភេរវករ ISIS ប្រហែលជាអ្នកនៅពីក្រោយការវាយប្រហារ ដ្បិតក្រុមនេះធ្លាប់ធ្វើសកម្មភាពស្រដៀងគ្នា នៅក្នុងប្រទេសឥណ្ឌូណេស៊ី។
បើតាមលោក ស៊ូនតាណា Suntana ដែលជាមេប៉ូលិសខេត្តជ្វាខាងលិច បានប្រាប់ Metro TV ថាៈ អាជ្ញាធរកំពុងតែផ្តោតការស៊ើបអង្កេតជាពិសេសទៅលើម៉ូតូ១គ្រឿង នៅក្បែរកន្លែងកើតហេតុ ដែលពួកគេជឿថា គឺជាយានជំនិះរបស់ជនសង្ស័យ។
នៅភ្ជាប់ជាមួយម៉ូតូនោះ គឺមានសំបុត្រមួយច្បាប់ពាំនាំ នូវខ្លឹមសារប្រឆាំងនឹងក្រមព្រហ្មទណ្ឌថ្មី ដែលសភាឥណ្ឌូណេស៉ីទើបផ្តល់សច្ចាប័នកាលពីថ្ងៃអង្គារសប្តាហ៍នេះ៕