លោក Martin Griffiths អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការមនុស្សធម៌ បានរៀបរាប់លម្អិតទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារអំពីចំនួន អ្នកស្លាប់ អ្នករបួសនិងអ្នកជម្លៀសខ្លួនយ៉ាងច្រើន ដោយសារសង្គ្រាម រវាង រុស្សីនិងអ៊ុយក្រែនចាប់តាំងពីខែកុម្ភៈ រហូតពេលនេះ។
លោក Martin និយាយថា ស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងដោយសារការវាយប្រហារនាពេលថ្មីៗនេះ របស់ទីក្រុងមូស្គូ លើហេដ្ឋារចនាសម្ព័ន្ធ ។
ឧបករណ៍ប្រើប្រាស់សំខាន់ៗ ដែលបានធ្វើឱ្យមនុស្សរាប់លាននាក់ មិនមានលទ្ធភាពប្រើប្រាស់កំដៅ អគ្គិសនី និងទឹក ហើយបានបន្ថែម “វិមាត្រដ៏គ្រោះថ្នាក់មួយទៀតចំពោះវិបត្តិមនុស្សធម៌ ដែលបណ្តាលមកពីសង្រ្គាម”។
“មកដល់ម៉ោងនេះ មនុស្សជាង១៤ លាននាក់ ត្រូវបានជម្លៀសដោយបង្ខំពីផ្ទះរបស់ពួកគេក្នុងប្រទេសអ៊ុយក្រែន។
រួមទាំង ៧.៨ លាននាក់ដែលបានស្វែងរកការជ្រកកោន នៅកន្លែងផ្សេងទៀតនៅក្នុងទ្វីបអឺរ៉ុប”។
លោកបន្ថែមថា “ជនស៊ីវិលសរុបចំនួន ១៧.០២៣នាក់ត្រូវបានសម្លាប់ ក្នុងនោះកុមារចំនួន ៤១៩នាក់ ។
បើគិតត្រឹមថ្ងៃទី ១ខែធ្នូ ដោយដកស្រង់ទិន្នន័យពីការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងការព្រមានថា “ចំនួនអ្នកស្លាប់ពិតប្រាកដគឺច្រើនជាងនេះឆ្ងាយ” ។
ជាការពិតណាស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំរាប់សិបដងលើអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈមក ប៉ុន្តែមិនអាចចាត់វិធានការក្នុងន័យណាមួយឡើយ។
ហើយប្រទេសរុស្ស៊ី គឺជាសមាជិកមួយក្នុងចំនោមសមាជិកចំនួន៥ នៅក្នុងស្ថាប័នដែលមានសមាជិកចំនួន ១៥ ដែលមានអំណាចវេតូ រួមជាមួយប្រទេសចិន បារាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
ដំបូងឡើយ ទីក្រុងមូស្គូ បាននិយាយថា បេសកកម្មរបស់ខ្លួនគឺដើម្បី “ដកអាវុធ” អ៊ុយក្រែន ដូច្នេះវាមិនអាចជាការគំរាមកំហែងដល់ប្រទេសរុស្ស៊ី ។
ប៉ុន្តែទីក្រុង Kyiv និងសម្ព័ន្ធមិត្តជឿថា ចេតនាពិតរបស់រុស្ស៊ី គឺចង់ផ្តួលរំលំរដ្ឋាភិបាលដែលគាំទ្រអឺរ៉ុបរបស់អ៊ុយក្រែន។
នៅសប្ដាហ៍នេះ រុស្ស៊ី បានប្រតិកម្មៈចំពោះអ៊ុយក្រែន ដែលបានប្រើយន្តហោះ គ្មានមនុស្សបើក។
វាយប្រហារមកលើមូលដ្ឋានអាកាសចំនួនបីនៅក្នុងព្រំដែនរបស់ខ្លួន និងបានសម្លាប់មនុស្សបីនាក់ និងបានបំផ្លាញយន្តហោះទម្លាក់គ្រាប់ រយៈចម្ងាយឆ្ងាយ និងឃ្លាំងផ្ទុកប្រេងមួយផងដែរ។
ភ្លាមៗនោះ ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់លោកបន្ទាប់ពីមានការវាយប្រហារ និងបានចោទប្រកាន់ទីក្រុងគៀវ ដោយហៅការវាយប្រហារនេះថាជា”ទង្វើភារវកម្ម”។
យ៉ាងណាមិញ ទីក្រុង Kyiv មិនបានអះអាងទទួលខុសត្រូវដោយផ្ទាល់ចំពោះការវាយប្រហារនេះទេ។
ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិក«មិនបានលើកទឹកចិត្ត ឬអនុញ្ញាតឲ្យអ៊ុយក្រែន វាយលុកក្នុងប្រទេសរុស្ស៊ីទេ» ។
ខណៈដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ។
ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ហើយសមាជិកសភាកាលពីថ្ងៃអង្គារបានយល់ព្រមផ្តល់ជំនួយផ្នែកសន្តិសុខបន្ថែមយ៉ាងហោចណាស់ 800 លានដុល្លារក្នុងឆ្នាំ 2023៕