fbpx

តុលាការឃុំខ្លួនកូនប្រុសម្នាក់ ករណីដុតផ្ទះម្ដាយចោល ព្រោះខឹងម្ដាយស្ដីបន្ទោស!

(កណ្តាល)៖ នៅល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ លោកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ។
បានសម្រេចចេញដីកាឃុំខ្លួន កូនអកតញ្ញូម្នាក់ ដែលខឹងម្តាយស្តីបន្ទោស ដុតផ្ទះចោល ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “ធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារការប្រើប្រាស់វិធីគ្រោះថ្នាក់ដល់បុគ្គល និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន”តាមមាត្រា៤១៣ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ដែលប្រព្រឹត្តនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២០ និង ១០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ពៅ សុខលន ភេទស្រី ស្ថិតនៅ ភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ពៅ សុខលន ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរៈ មេផ្ទះ មានទីលំនៅ ភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ (ត្រូវជាម្ដាយបង្កេីត)

ជនត្រូវចោទឈ្មោះ ពៅ សំណាង ហៅខ្នា  ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។(ត្រូវជាកូនបង្កេីត)

លោកវរសេនីយ៍ លន ចន្ថា អធិការនគរបាលស្រុកស្អាង បានប្រាប់អោយដឹងថាៈ នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យនៅដេកក្នុងផ្ទះ ។
ពេលឮជនរងគ្រោះជាម្ដាយនិយាយស្ដីបន្ទោសឲ្យខ្លួន ក៏កើតចិត្ដខឹងនឹងម្ដាយ ។
រួចបានយកដេកកេះមកដុតពូកដេករបស់ខ្លួន បណ្ដាលអោយឆេះនិងរាលដាលឆេះទៅដល់ផ្ទះទៀត ។
បន្ទាប់មកជនសង្ស័យក៏រត់ចុះពីលើផ្ទះ ដោយមានកាន់កាំបិតផ្គាក់នៅនឹងដៃ រួចរត់គេចខ្លួនបាត់។

ភ្លាមៗនោះត្រូវបានអ្នកជិតខាងឃើញភ្លើងឆេះ ក៍ស្រែកឆោរឡោឡើងនាំគ្នាមកជួយពន្លត់ភ្លើង ។

ក្រោយពីទទួលបានព័ត៌មានខាងលើពីប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានចុះទៅដល់កន្លែងកើតហេតុតែមិនបានឃើញជនសង្ស័យទេ។
ក្រោយមកកម្លាំងប៉ុស្ដិ៍បានសហការជាមួយកំលាំងប្រជាការពារ ក៏បានរកឃើញជនសង្ស័យ រួចបាននាំខ្លួនជនង្ស័យមកធ្វើការសាកសួរតែម្ដង ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនត្រូវចោទបានសារភាពថាៈ ខ្លួនពិតជាបានដុតផ្ទះរបស់ម្ដាយ ពិតប្រាកដមែន។
បច្ចុប្បន្នៈ ជនត្រូវចោទ បានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ខេត្តកណ្ដាល ជាបណ្ដោះអាសន្ន៕ឆៃ យុទ្ធ

Leave a Reply

Your email address will not be published. Required fields are marked *