(ព្រៃវែង)៖ លោកស្រី ទែន សុនីតា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង នៅថ្ងៃទី០៣.១០.២០២២ បានសម្រេចឃុំខ្លួនជនត្រូវចោទម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ”ឆបោក”ពាក់ព័ន្ធលុយចំនួន១២ម៉ឺនដុល្លារ ទិញដីតែពុំមានមានដីឱ្យជនរងគ្រោះ.!។
ជនត្រូវចោទឈ្មោះ ហឿន ហាន (ហៅគុយហាន)ភេទប្រុសអាយុ៤៧ឆ្នាំ នៅភូមិព្រហ្ម ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
សូមជម្រាបថាៈជនត្រូវចោទឈ្មោះ ហឿន ហាន ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួន នៅចំណុចមុខភោជនីយដ្ឋាន«ចាន់គីរី»ស្ថិតនៅភូមិ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី៣០.០៩.២០២២។
ដោយអនុវត្តតាម ដីកាបញ្ជាអោយចូលខ្លួនរបស់លោក គុជ គីមឡុង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ពីបទៈ”ឆបោក”។
បើយោងពាក្យបណ្ដឹង របស់ជនរងគ្រោះ ដែលបានដាក់ចូលអយ្យការ អមសាលាដំបូងខេត្តព្រៃវែង កាលពីថ្ងៃទី០៩.០៨.២០២២។
បានអះអាងថាៈ ជនត្រូវចោទឈ្មោះ ហឿន ហាន បានទទួលប្រាក់ពីខ្លួនចំនួន៣លើក សរុបស្មើ១២០.០០០$(ដប់ពីរម៉ឺនដុល្លារ)។
ដើម្បីយកមកប្រមូលទិញដីស្រែប្រាំងពីពលរដ្ឋចំនួន១០ហិកតា នៅចំណុច”បឹងព្រួល”ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង មកអោយជនរងគ្រោះ តាមការព្រមព្រៀង។
មិនដូច្នេះអីៈ ក្រោយទទួលបានប្រាក់ពីជនរងគ្រោះជាបន្តបន្ទាប់ហើយ បែរជាជនត្រូវចោទ ស្រលាញ់លុយពេក មិនគោរពតាមគោលការណ៍.!។
ក្នុងនោះជនត្រូវចោទ បានស៊ីដាច់ប្រាក់ជនរងគ្រោះអស់មួយចំនួនធំ.!
ហើយយកតែប្រាក់បន្តិចបន្តួច មកកក់ឱ្យពលរដ្ឋ ដើម្បីបន្លំភ្នែក និងបង្គ្រប់កិច្ចប៉ុណ្ណោះ.!។
បើតាមជនរងគ្រោះ មូលហេតុទាំងនេះ បណ្ដាលឱ្យកើតរឿងទំនាស់ផ្ទៃក្នុង និងទំនាស់ជាមួយពលរដ្ឋជាង១០គ្រួសារ នៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
ជាហេតុនាំឱ្យពលរដ្ឋដែលជាម្ចាស់ដីដើម ប្ដឹងនិរាករណ៍(មោឃៈ) ចោលរាល់លិខិត”កក់ប្រាក់ និងលិខិតទិញលក់” រវាងជនត្រូវចោទឈ្មោះ ហឿន ហាន និងពលរដ្ឋ.!។
ជនរងគ្រោះបញ្ជាក់ថាៈ មុននឹងខ្លួនសម្រេចប្ដឹងជនត្រូវចោទ គឺខ្លួនបានធ្វើការសម្របសម្រួល ជាមួយជនត្រូវចោទច្រើនលើកច្រើនសារ ប៉ុន្តែពុំត្រូវគ្នា.!។
ដោយភាគីជនត្រូវចោទ ហឿន ហាន ជាមនុស្សមានះ រឹងរូសល្បិចច្រើន ហើយចេះតែមានលេស លើកហេតុផលគេចវេះ មិនចេះចប់មិនចេះហើយ ។
ជាវិធីទាល់ច្រក ខ្លួនក៍សម្រេចប្ដឹងជនត្រូវចោទពីបទៈ រំលោភលើទំនុកចិត្ត(ឆបោក)តែម្ដងទៅ.!។
ក្នុងបណ្ដឹងនោះ ជនរងគ្រោះបានទាមទារសំណង ជំងឺចិត្តចំនួនចំនួន២៤០.០០០$(ម្ភៃបួនម៉ឺនដុល្លារ)
និងស្នើឱ្យព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់ជនស្មើសតាមនីតិវិធី។
គួរម្លឹកថាៈ ជនត្រូវចោទ ហឿន ហាន កាលពីកន្លងទៅថ្មីៗនេះ បានតំឡើងសាច់ដុំ បង្អួតគេឯង ដោយឡាយវីដេអូ តាមហ្វេសប៊ុក ស្រោចទឹកឡើងតួនាទីធ្វើធំ និងបង្ហាញវត្តមាន ឪពុកធម៌ ជាថ្នាក់ដឹកនាំ១រូប។
ដើម្បីបង្អួតគេឯង ផ្អើលអស់អ្នកភូមិ និងមហាជន កក្រើកស្រុកពារាំង ស្របពេលពលរដ្ឋកំពុងក្ដៅក្រហាយប្ដឹងផ្ដល់។
ជាងនេះទៅទៀត ជនត្រូវចោទ ហឿន ហាន បានតាំងខ្លួនជាមន្ត្រីទទួលបន្ទុក ដោះស្រាយទំនាស់ដីធ្លី នៅទូទាំងប្រទេសទៀតផង។
ជីវប្រវត្តៈខ្លះៗ របស់ជនត្រូវចោទ ហឿន ហាន ប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្លាប់ត្រូវបាន តុលាការខេត្តកណ្ដាល ឃុំខ្លួនពីបទៈ រារាំងប្រឆាំងមន្ត្រីរាជការសាធារណៈ និងដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់.!។
លុះចេញពីពន្ធនាគារវិញឈ្មោះ ហឿន ហាន បានប្ដូរមុខរបរ ពីរកស៊ីឈើ មកជាគួកជេរដីនិងទិញលក់ដីធ្លី.!។
ហើយឥឡូវឈ្មោះ ហឿន ហាន ត្រូវបានតុលាការខេត្តព្រៃវែង ឃុំខ្លួនពីបទៈ«ឆបោក»ម្ដងទៀត ដោយទទួលលុយមកទិញដីជាង១០ម៉ឺនដុល្លារ តែពុំមានដីអោយជនរងគ្រោះ.តាមការព្រមព្រៀង!៕ដើមរាំង